នាយឧត្តមសេនីយ៍ ម៉ឹង សំផន សមាជិកកណៈកម្មាការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកចន្ទ្រា និងក្រុមការងារគណបក្ស នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ បាននាំយកទៀនវស្សា និងទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួនធំ ទៅប្រគេនដល់ព្រះសង្ឃចំនួន ១៦វត្ត ដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅតាមបណ្តាវត្តនានាក្នុងចន្រ្ទាខេត្តស្វាយរៀង។
សូមបញ្ជាក់ថា ទៀនវស្សា ទេយ្យទាននិងបច្ច័យសម្រាប់វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាទាំង ១៦វត្ត ក្នុងស្រុកចន្ទ្រា រួមមាន៖ ទៀនព្រះវស្សាខ្នាតធំចំនួន ៣៤ដើម ស្មើនិង១៧ គូរទៀនព្រះវស្សា ទៀនខ្នាតកណ្តាល ចំនួន៤ ដើម ស្មើនិង ២គូរអង្ករចំនួន៣២បេ ស្មើនឹង ១៦០០ គីឡូក្រាម ត្រីខចំនួន ១៦កេសធំ ទឹកសុទ្ធហនុមានចំនួន៨០កេស ប្រេងម៉ាស៊ូត ចំនួន១៦កាន ស្មើនិង៤៨០ លីត្រ បច្ឆ័យចំនួន១៦លានរៀល។
ទៀនព្រះវស្សា ទ័យទាន និងបច្ឆ័យ ដែលប្រគេនតាមបណ្តាវត្តនីមួយៗទាំង១៦វត្ត ក្នុង១វត្តៗទទួលបាន៖ ទៀនព្រះវស្សា ចំនួន១គូរ អង្ករចំនួន២បេ ស្មើនិង១០០គីឡូក្រាម ទឹកសុទ្ធហនុមានចំនួន ៥កេស ត្រីខចំនួន១កេសធំ ប្រេងម៉ាស៊ូតចំនួន១កានស្មើនិង៣០លីត្រ និង បច្ឆ័យចំនួន១លានរៀល។
ក្នុងពិធីសំណេះសំណាលជាមួយជាមួយ ព្រះសង្ឃ ក្រុមការងារគណបក្ស និង អស់លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំទាំង៦ របស់ស្រុកចន្រ្ទា លោក ម៉ឹង សំផន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលសម្តេចទាំងទ្វេរ មានមនោសញ្ចេតនាគោរពស្រឡាញ់រាប់អាន និងរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ឹង សំផន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ សមាជិក សមាជិកា គណបក្សគ្រប់ថ្នាក់ ដែលកន្លងមក ដែលបានយកចិត្តទុកដាក់គាំទ្រ និងជំរុញលើកទឹកចិត្តដល់សមាជិកបក្ស ឱ្យមានការបំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្តបន្ទាប់។
ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាអ្នកតស៊ូ រំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ហើយកំពុងបន្តបេសកម្មថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជានិងដឹកនាំបន្ត ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេស ទប់ស្កាត់ បង្រ្កាប និងបោសសំអាត ល្បែងឆបោកអ៊ីនធ័រណែត ស្កែម អន ឡាញ (ONLINE SCAMS )ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួន គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខសាន្តគ្មានអំពើលួច ឆក់ប្លន់នៅក្នុងមូលដ្ឋានជាដាច់ខាត។
ឯកឧត្តម ម៉ឹង សំផន បានបន្តថា អាជ្ញាធ៌គ្រប់លំដាប់ថ្នាក់ ត្រូវគិតគូរដោះស្រាយ រាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍ក្នុងមូលដ្ឋានអោយបានល្អប្រសើរ លើសេវាសាធារណៈ សន្តិសុខសង្គម និងត្រូវចេះណែនាំដល់ពលរដ្ឋតាមខ្នងផ្ទះអោយចេះបង្កើតការចិញ្ចឹមសត្វ ត្រី សាច់ ដំនាំដាំដុះ បន្លែ ផ្លែឈើ សម្រាប់ហូបចុកប្រចាំថ្ងៃក្នុងភូមិឋានរបស់ខ្លួន ជាពិសេអាជ្ញាធរដែនដី និងមន្ត្រីជំនាញផ្នែកសុខាភិបាល បង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ និងផ្សព្វផ្សាយការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការចូលរួមទប់ស្កាត់បង្ការជំងឺកូវីដ-១៩ មិនឱ្យមានការចម្លងជាថ្មី ជាពិសេសត្រូវអនុវត្តនូវវិធានការពារ របស់សម្ដេចតេជោហ៊ុន សែន គឺ «៣ការពារ និង៣កុំ» បើមិនចាប់បាច់កុំចេញក្រៅផ្ទះ និងត្រូវរៀនរស់នៅតាមបែបគន្លងថ្មីជាដើម៕


























