ឯកឧត្តម គង់ គឹមនី អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្រុងសែនមនោរម្យ


នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅក្រុងសែនមនោរម្យ ដើម្បីពង្រឹងស្មារតី និងសកម្មភាពការងារបក្ស។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សាយ ម៉េងគឹម ប្រធានក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានក្រុងសែនមនោរម្យ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានក្រុងសែនមនោរម្យ និងសង្កាត់ទាំងបួន លោក ហៀក សុផាន ប្រធានគណៈកម្មាធិការគណបក្សក្រុង លោក ចាយ ថៃ អនុប្រធានគណៈកម្មាធិការគណបក្សក្រុង ព្រមទាំង លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សក្រុង សមាជិក សមាជិកា គណៈកម្មាធិការគណបក្សក្រុង និងប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការគណបក្សជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សក្រុងសែនមនោរម្យ។
ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានណែនាំដល់សមាជិក សមាជិកា ឱ្យបន្តចុះជួបប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ បានត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៧ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវឱ្យសមាជិកបក្ស បន្តរក្សាភាពសាមគ្គីភាពផ្ទៃក្នុង ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕