ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ


នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ» នៅបរិវេណអនុវិទ្យាល័យបន្ទាយខ្មែរ ស្ថិតក្នុងភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត មន្ទីរជុំវិញខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ស្រុក-ឃុំ គណៈអភិបាល ក្រុមប្រឹក្សាស្រុក ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត យុវជន ស.ស.យ.ក. ព្រមទាំងលោកតា លោកយាយ អ៊ំ ពូ មីង ប្រជាពលរដ្ឋ សរុបប្រមាណជិត៤,៧០០នាក់។

ជាកិច្ចចាប់ផ្ដើម លោកវេជ្ជបណ្ឌិត ហុក គ្រី អនុប្រធានប្រតិបត្តិ និងជាប្រធានប្រតិបត្តិស្តីទីនៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តកំពង់ស្ពឺ បានឡើងថ្លែងរបាយការណ៍សង្ខេប ដោយបានគូសបញ្ជាក់ថា នៅក្នុងយុទ្ធនាការមនុស្សធម៌នាថ្ងៃនេះ មានសមាជិកក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៨៣៧នាក់ បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាថែទាំ ពិនិត្យ និងព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋប្រមាណ ៣,៦០០នាក់ ដោយឥតគិតថ្លៃ។

នៅក្នុងឱកាសនោះ លោកបណ្ឌិត អ៊ុក កោសា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលជានិច្ចកាល តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសុខភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា នាំយកសេវាសុខាភិបាលមកជូនប្រជាពលរដ្ឋ ប្រកបដោយជោគជ័យ និងស្នាមញញឹម។

ថ្លែងសំណេះសំណាលទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះស្មារតីលះបង់ដ៏ខ្ពង់ខ្ពស់របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត និងស.ស.យ.ក. គ្រប់លំដាប់ថ្នាក់ ដែលបានរួមដំណើរ និងសហការគ្នាយ៉ាងសកម្ម ក្នុងបេសកកម្មមនុស្សធម៌ ចាប់តាំងពីឆ្នាំ២០១២ រហូតមកទល់បច្ចុប្បន្ន អស់រយៈពេលជាង ១៤ឆ្នាំមកហើយ ដោយក្នុងនោះសម្រេចបានការចុះជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានចំនួន ៣៣៤លើក។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងស៊ីជម្រៅថា យុទ្ធនាការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ មិនត្រឹមតែជាការចូលរួមចំណែកថែរក្សាសុខុមាលភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែវាជាការស្តែងឱ្យឃើញពីស្មារតីនៃការលះបង់ពេលវេលាផ្ទាល់ខ្លួន ការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងការរួមគិត រួមធ្វើ រួមទទួលខុសត្រូវ តាមរយៈការចែករំលែកបទពិសោធន៍ទៅវិញទៅមករវាងសមាជិកក្រុមគ្រូពេទ្យ និងយុវជន ស.ស.យ.ក. ដើម្បីរួមគ្នាបម្រើសេវាជូនប្រជាពលរដ្ឋដោយបេះដូង និងស្នាមញញឹម៕