ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានជំរុញ និងគាំទ្រនូវយន្តការកិច្ចសន្យាផលិតកម្មកសិកម្មរវាងក្រុមហ៊ុន City Rice និងក្រុមកសិករអ្នកផលិតស្រូវ នៅស្រុកបាណន់ ដើម្បីរួមគ្នាធានាការទិញស្រូវពីកសិករឲ្យមានតម្លៃសមរម្យនៅលើទីផ្សារ។
ប្រសាសន៍លើកឡើងដូច្នោះរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងការផ្គត់ផ្គង់ស្រូវ រវាងតំណាងក្រុមហ៊ុន City Rice Import Export Co., Ltd លោក ឡាយ ឈុនហាំង និងភាគីក្រុមកសិករអ្នកផលិតស្រូវ លោក ចាន់ សំអុល រសៀលថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២៦នេះរៀបចំឡើង ដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សាខាខេត្តបាត់ដំបង ។
ក្នុងគោលបំណងពិធីចុះហត្ថលេខា គឺដើម្បីបង្កើតជាភាពជាដៃគូរវាងវិស័យឯកជន និងប្រជាកសិករ តាមរយៈការធានាទិញស្រូវពីកសិករត្រឡប់មកវិញ ក្នុងតម្លៃមួយសមរម្យ និងមានស្ថិរភាព ដែលជួយកាត់បន្ថយហានិភ័យខាងផ្នែកទីផ្សារ និងការបង្អាប់ថ្លៃពីឈ្មួញមួយចំនួន។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ បើទោះបីជាជំហានសាកល្បងក៏ដោយហើយសង្ឃឹមថា ការចាប់ផ្តើមនេះ នឹងពង្រីកតទៅទៀត ពោល គឺចង់បង្ហាញឲ្យបងប្អូនប្រជាកសិករជឿជាក់លើធនាគារ ARDB ដោយសារជាធនាគារធ្វើការយូរឆ្នាំហើយ ដូច្នោះសូមឲ្យភាគីទាំង២ ជឿជាក់លើដៃគូរបស់ខ្លួនផងដែរ។
ឯកឧត្តមបណ្ឌិតប្រតិភូបាន់ចាត់ទុកយន្តការ «កិច្ចសន្យាផលិតកម្មកសិកម្ម» គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយក្នុងការផ្សារភ្ជាប់រវាងតម្រូវការទីផ្សារ និងការផលិត មិនត្រឹមតែជួយឱ្យបងប្អូន ប្រជាកសិករមានភាពកក់ក្តៅក្នុងចិត្តលើការបង្កបង្កើនផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យក្រុមហ៊ុននាំចេញអង្ករមានប្រភពផ្គត់ផ្គង់ស្រូវដែលមានគុណភាព និងស្តង់ដារច្បាស់លាស់សម្រាប់បម្រើឱ្យការនាំចេញផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានផ្តល់អនុសាសន៍ណែនាំដល់ភាគីទាំងពីរ ឱ្យមានការគោរពនូវស្មារតីនៃកិច្ចសន្យានេះដោយស្មោះត្រង់ ពោលគឺខាងក្រុមផលិតស្រូវត្រូវខិតខំដាំដុះទៅតាមបច្ចេកទេស និងបទដ្ឋានគុណភាពដែលក្រុមហ៊ុននាំចេញនិងរោងចក្រកែច្នៃអង្ករចង់បាន ជាពិសេស ក្រុមហ៊ុន City Rice ត្រូវធានាទិញស្រូវពីកសិករទៅតាមតម្លៃ និងលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា ដើម្បីរក្សាបាននូវនិរន្តរភាពនៃការរកស៊ីជាមួយគ្នាទៅថ្ងៃអនាគត។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានជំរុញឲ្យកសិករត្រូវចេះគិតគូរពីថ្លៃដើមផលិតឲ្យបានច្បាស់លាស់ ដើម្បីបង្កើនប្រាក់ចំណេញ ព្រមទាំងណែនាំឲ្យប្រជាកសិករ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដែលជាស្ពានជួយសម្របសម្រួល ក្នុងការតភ្ជាប់ព័ត៌មានបច្ចេកទេស ទីផ្សារ ប្រភពទុនដែលមានការប្រាក់ទាប និងរកអ្នកទិញមកវិញ។
លើសពីនេះអ្វីដែលសំខាន់បំផុត ធនាគារ ARDB ក្នុងនាមជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងបន្តឈរនៅពីក្រោយខ្នងដើម្បីគាំទ្រផ្នែកហិរញ្ញប្បទាន ទាំងការផ្តល់ឥណទានមានអត្រាការប្រាក់ទាបដល់បងប្អូនកសិករសម្រាប់ទុនបង្វិលដាំដុះ និងដល់ក្រុមហ៊ុនកិនស្រូវសម្រាប់ប្រមូលទិញស្រូវស្តុកទុក ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាលំនឹងតម្លៃស្រូវនៅលើទីផ្សារជាតិ៕











