ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦។
តាមរយៈរបាយការណ៍ស្វាគមន៍ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង គូសបញ្ជាក់ថា រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន សហគមន៍កសិកម្ម ម្ចាស់ចំការ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក ឈឹម វជិរា បានបន្ថែមថា ក្នុងព្រឹត្តិការណ៍នេះមានម្ចាស់ចំការសរុប៣៦ ស្នើសុំដាក់តាំងលក់ផ្លែឈើសរុប៥៧ស្តង់ មានការកើនឡើងជិត៣ដង បើប្រៀបធៀបកាលពីឆ្នាំ២០២៥ ហើយផ្លែឈើជាច្រើនប្រភេទ រួមមាន៖ ទុរេន ដូងក្រអូប សាវម៉ាវ ល្មើរ ប័រ ម្នាស់ ក្រូច និងផ្លែឈើដទៃទៀតសរុបរាប់សិនតោនត្រូវបានលក់ដាច់ខ្លាំង។
ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ក្រុមការងារ និងកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើឆ្នាំ២០២៦ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម សប្បាយរីករាយ ធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពល្អប្រសើរ។
ឯកឧត្តមលើកទឹកចិត្តដល់កសិករជាម្ចាស់ចំការ ត្រូវខិតខំពង្រីកការដាំដុះ ឲ្យស្របតាមស្ដង់ដារបច្ចេកទេសកសិកម្ម ពង្រឹងគុណភាពកសិផល និងការពារ ឲ្យបាននូវអត្តសញ្ញាណផលិតផលអ្នកបាត់ដំបង ដើម្បីទទួលបានការគាំទ្រកាន់តែច្រើនឡើងបន្ថែមទៀត។
សូមជម្រាបថា ដើម្បីលើកកម្ពស់វិស័យកសិកម្ម ជំរុញការផ្សព្វផ្សាយផ្លែឈើដែលមានគុណភាពរបស់ខេត្តបាត់ដំបង បង្កើនទីផ្សារសម្រាប់កសិករ និងជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច និងវប្បធម៌ក្នុងខេត្ត។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើ រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងក្នុង និងខាងមុខអគារសារ មន្ទីរប្រវត្តិសាស្ត្រខេត្ត។
ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ បានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់បង្ហាញសក្តានុពលវិស័យកសិកម្ម និងវិស័យទេសចរណ៍របស់ខេត្តបាត់ដំបង តាមរយៈការតាំងបង្ហាញ និងលក់ផលិតផលផ្លែឈើព្រមទាំងផលិតផលកសិកម្ម និងសិប្បកម្មក្នុងស្រុកជាច្រើនប្រភេទ សំដៅរួមចំណែកលើកកម្ពស់តម្លៃផលិតផលក្នុងស្រុក បង្កើនឱកាសទីផ្សារសម្រាប់ប្រជាកសិករ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងវិស័យទេសចរណ៍របស់ខេត្ត ឱ្យកាន់តែមានភាពរីកចម្រើន៕
































