សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក បាននិងកំពុងប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំផ្លូវការ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញទស្សនាពិព័រណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នៅសាលពិព័រណ៍សកលនៃក្រុងសៀងហៃ អមដោយថ្នាក់ដឹកនាំអង្គភាពជំនាញ និងអ្នកជំនាញបច្ចេកទេស ដើម្បីស្វែងយល់ដោយផ្ទាល់អំពីការវិវឌ្ឍចុងក្រោយ នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនិងនិន្នាការថ្មីៗក្នុងទីផ្សារ។
ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញទស្សនាស្តង់ពិព័រណ៍ និងពិភាក្សាការងារជាមួយក្រុមហ៊ុន Huawei, ZTE, China Telecom និង Alibaba។
ក្នុងនោះ ក្រុមហ៊ុននានាបានបង្ហាញអំពីបច្ចេកវិទ្យាចុងក្រោយលើផ្នែកបញ្ញាសិប្បនិម្មិតនិងផ្នែកពាក់ព័ន្ធ រួមមានម៉ាស៊ីនគណនានិងសេវូបករណ៍ឯកទេសសម្រាប់បញ្ញាសិប្បនិម្មិត ប្រព័ន្ធប្រតិបត្តិការ ថ្នាលបច្ចេកវិទ្យាពពក និងថ្នាលអភិវឌ្ឍនិងដំណើរការប្រព័ន្ធបញ្ញាសិប្បនិម្មិត ដែលមានសមត្ថភាពថ្មីៗនិងល្បឿនលឿនជាងមុន ដើម្បីសម្របទៅនឹងតម្រូវការហេដ្ឋារចនាសម្ព័ន្ធសម្រាប់យុគសម័យបញ្ញាសិប្បនិម្មិត។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសនៃភាគីទាំងអស់ សហការគ្នាកាន់តែជិតស្និទ្ធដើម្បីពន្លឿនកិច្ចសហការ៕







