ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការី នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានរំលឹកជូនកសិករថា ក្នុងបរិបទថ្មីនេះកសិករគួរកែប្រែផ្នត់គំនិត នៃការធ្វើកសិកម្មដោយអនុវត្តដាំដុះឆ្លាតវៃ និងត្រូវនេះរកថ្លៃដើមផលិតឱ្យឃើញក្នុង១ឯកតា ទើបធ្វើស្រែមិនខាត និងបានចំណេញ។
ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ធ្វើឡើងក្នុងឱកាសលោកបណ្ឌិតចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ ជាមួយបងប្អូនប្រជាកសិករ ក្នុងស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ដែលមានការញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង, លោក ចេង ច័ន្ទដូណា អភិបាលស្រុកបរិបូរណ៍ អ្នកជំនាញ វារីវប្បកម្ម, សាកវប្បកម្ម, មេភូមិ មេឃុំ, និងប្រជាកសិករមកពីឃុំទាំង ១១នៃស្រុកបរិបូរណ៍ សរុបប្រមាណ៣៨២រូប។
ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងជម្រាបជូន ដល់ប្រជាកសិករថា សមាគមបណ្តាញកសិករតេជោ បង្កើតឡើងក្នុងគោលបំណងទី១ ធ្វើជាស្ពានចំលងទៅរកប្រភពហិរញ្ញវត្ថុ, បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ, និងជាអ្នកចម្លងសំឡេងពីកង្វល់របស់កសិករទៅដល់ថ្នាក់ដឹកនាំ ទី២ ជាខែលការពារផ្លូវច្បាប់ដល់កសិករពីការកេងប្រវ័ញ្ច។
ឯកឧត្តមបណ្ឌិតប្រតិភូរូបនេះក៏បានចែករំលែកនូវគន្លឹះសំខាន់ៗ ដល់កសិករពិចារណា ជំរុញឱ្យបង្កើនការដាំដុះឆ្លាតវៃ ចេះគណនាថ្លៃដើម ដែលនាំទៅរកផលចំណេញច្រើន។ លើសពីនេះដើម្បីឱ្យការធ្វើកសិកម្មរបស់បងប្អូនកសិករទទួលបានប្រាក់ចំណេញខ្ពស់ និងមានចីរភាព ដោយសង្កត់ធ្ងន់លើការកែប្រែផ្នត់គំនិត នៃការធ្វើកសិកម្ម ដោយការដាំដុះឆ្លាតវៃ និងត្រូវរកថ្លៃដើមឱ្យឃើញ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណ ចំពោះឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចែករំលែកព័ត៌មាន ចំណេះដឹង និងចំណេះធ្វើសំខាន់ៗ ពាក់ព័ន្ធនឹងយន្តការគាំទ្រ និងដំណោះស្រាយផ្សេងៗ ជូនដល់បងប្អូនប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំងនាពេលនេះ៕










