ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក សត្វគោ ក្របី ជូនប្រជាពលរដ្ឋដោយគិតថ្លៃ នៅបរិវេណ វត្តមុនីវ័នស្វាយស្រណោះ ស្ថិតក្នុងភូមិស្វាយស្រណោះ ឃុំរកាអារ ស្រុកកងមាស ដើម្បីការពារនូវជំងឺឆ្លងរាតត្បាតផ្សេងៗ ដែលតែងតែកើតមានឡើងលើសត្វពាហនៈ ក្នុងរដូវវស្សា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានចូលរួមជាមួយមន្ត្រីជំនាញ ដើម្បីចាក់វ៉ាក់សាំងការពារទប់ស្កាត់ នូវជម្ងឺឆ្លងលើសត្វពាហនៈ និងជួយរាយការណ៍ អំពីស្ថានភាពជម្ងឺសត្វទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ត្រូវចូលរួមធ្វើការចាក់ថ្នាំការពារឱ្យបានទាន់ពេលវេលា ចៀសវាងបង្កឱ្យមានការឆ្លងជម្ងឺរីករាលដាលធ្ងន់ធ្ងរ។
ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋ ត្រូវលើកកំពស់ការថែទាំសុខភាពខ្លួនឱ្យបានល្អ ដើម្បីមានអាយុយឺនយូរ ដោយរស់នៅត្រូវមានអនាម័យ និងត្រូវធ្វើការសំអាតថែរក្សាបរិវេណជុំវិញលំនៅឋានរបស់ខ្លួន ដែលជាកន្លែងសត្វមូសបង្កាត់ពូជ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ហើយបើសិនជាបងប្អូនកូនចៅមានជំងឺអ្វីមួយកើតឡើង ត្រូវប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដោយមិនត្រូវទុកឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
លោក ស៊ីម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានឱ្យដឹងថា នៅឃុំរកាអារ ស្រុកកងមាស មានគោចំនួន ៦១៤ក្បាល ហើយសត្វ ដែលនឹងត្រូវចាក់វ៉ាក់សាំងការពារជម្ងឺសារទឹកនាពេលនេះ គឺមានចំនួន ២ភូមិ ដែលមានគោចំនួន ១៤០ក្បាល ។
ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងគោក្របី មន្ត្រីជំនាញតែងតែធ្វើនៅក្នុងរដូវវស្សា ជាពិសេសមុនពេលទឹកឡើង ព្រោះមេរោគ មួយចំនួនបានហូរតាមទឹក ដែលធ្វើឱ្យគោក្របីផឹកទឹកនោះហេីយឆ្លងជំងឺផ្សេងៗ ពិសេសជំងឺសារ ជំងឺអុតក្តាមជាដើម៕











