សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអរគុណប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ដែលផ្ញើសារជូនក្នុងឱកាសទិវាអន្តរជាតិនៃសភានិយម


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានផ្ញើលិខិតថ្លែងអំណរគុណ ជូនលោកស្រី Sahiba GAFAROVA ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលបានផ្ញើលិខិតជូនសម្តេចតេជោ ក្នុងឱកាសទិវាអន្តរជាតិនៃសភានិយម។

សម្តេចតេជោ ហ៊ុន សែន បានសរសេរសារថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះលិខិតរបស់លោកជំទាវ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៦ ដែលបានសម្តែងនូវអបអរសាទរ និងជូនពរស័ព្ទសាធុការចំពោះរូបខ្ញុំ ព្រមទាំងព្រឹទ្ធសភា។ ដូចគ្នា ផងដែរ ខ្ញុំក៏សូមសម្តែងនូវសមានចិត្តដ៏កក់ក្តៅទាំងនេះនិងការអបអរសាទរអស់ពីដួងចិត្តជូនលោកជំទាវ និងរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសទិវាអន្តរជាតិនៃសភានិយម»។

សម្តេចតេជោ ហ៊ុន សែន សូមកោតសរសើរចំពោះការដឹកនាំរបស់អាស៊ែបៃហ្សង់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរសភា ជាពិសេសតាមរយៈការដឹកនាំបណ្តាញសភាចលនាមិនចូលបក្សសម្ព័ន្ធ (NAM) ប្រកបដោយចក្ខុវិស័យ។ ក្នុងបរិការណ៍នៃពិភពលោកដែលកំពុងប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញ និងមានការពាក់ព័ន្ធគ្នា កាន់តែខ្លាំង សម្តេចតេជោ ហ៊ុន សែន ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកស្រី ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហ ប្រតិបត្តិការរវាងស្ថាប័នសភារបស់យើង។ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ ការចូលរួម និងកិច្ចសហការអន្តរសភា សម្តេចតេជោ ហ៊ុន សែន មានជំនឿជឿជាក់ថា យើងអាចពង្រឹងបាននូវការជឿជាក់ទៅវិញទៅមក ការយោគយល់គ្នា និងការគោរពគ្នា និងរួមចំណែកដ៏មានអត្ថន័យចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ដើម្បីជំរុញនូវបំណងប្រាថ្នារួមទាំងនេះ សភាត្រូវបំពេញតួនាទីបុរេសកម្មក្នុងការលើកកម្ពស់កិច្ចសន្ទនា ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងដោះស្រាយបញ្ហាប្រឈមបន្ទាន់របស់សហគមន៍ពិភពលោក។ ក្នុងន័យនេះ កម្ពុជានឹងមានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នៅរាជធានីភ្នំពេញ នាចុងខែសីហាខាងមុខ។ ដោយបានអញ្ជើញ លោកស្រីផងដែរ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា លោកស្រី នឹងអាចចូលរួមក្នុងវេទិកាដ៏សំខាន់នេះ។ ជាការពិតណាស់ ជំនាញដ៏ទូលំទូលាយ និងបទ ពិសោធដ៏ស៊ីជម្រៅរបស់លោកស្រី នឹងរួមចំណែកយ៉ាងមានតម្លៃដល់កិច្ចពិភាក្សារបស់យើង៕