កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន


ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានរួមគ្នារៀបចំ «វេទិកាផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងវិស័យឯកជនកម្ពុជា-ហ្វីលីពីន ក្នុងវិស័យកសិកម្ម» សំដៅជំរុញទំហំពាណិជ្ជកម្មកសិកម្ម បំពេញតម្រូវការទីផ្សារ និងធានានិរន្តរភាពសន្តិសុខស្បៀងជូនប្រជាជាតិនៃប្រទេសទាំង២។

ក្នុងវេទិកានេះ មានការចូលរួមពីក្រុមហ៊ុនឯកជនកម្ពុជា និងហ្វីលីពីនសរុបប្រមាណ ៣៣ក្រុមហ៊ុន ដើម្បីចូលរួមពិភាក្សា ពីលទ្ធភាពនាំអង្ករបន្ថែមពីកម្ពុជាទៅកាន់ហ្វីលីពីន ព្រមទាំងផលិតផលកសិកម្មសក្តានុពលផ្សេងទៀតរបស់កម្ពុជារួមមាន៖ គ្រាប់ស្វាយចន្ទី និងផលិតផលបសុសត្វ មកកាន់ទីផ្សារហ្វីលីពីន ព្រមទាំងការសហការគ្នាលើការផ្គត់ផ្គង់ជីកសិកម្មដើម្បីធានានិរន្តរភាពធាតុចូលកសិកម្មនៃប្រទេសទាំងពីរផងដែរ។

នេះជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀតរវាងកម្ពុជា និងហ្វីលីពីន លើការបើកទីផ្សារអង្ករកម្ពុជា និងកសិផលសក្តានុពល ដែលនឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចជូនប្រជាកសិករកម្ពុជា៕