កីឡាការិនី ស៊ន សៀវម៉ី ដែលបានធ្វើអោយកម្ពុជាមានមុខមាត់ខ្ពស់ក្នុងវិស័យកីឡាតៃក្វាន់ដូ ត្រូវក្រសួងអប់រំបានផ្តល់ប្រាក់រង្វាន់ចំនួន ៨០លានរៀល ស្មើនឹង ២ម៉ឺនដុល្លារអាមេរិក ។ ចំណែនគ្រូបង្វឹកជាតិកូរ៉េ របស់នាងគឺ លោក ឆយ យ៉ុងសុក ក៏បានទទួលប្រាក់រង្វាន់ចំនួន ៨០លានរៀលផងដែរ ។
កីឡាការិនី ស៊ន សៀវម៉ី បានឈ្នះមេដាយមាសក្នុងការប្រកួតជម្រុះកីឡាតេក្វាន់ដូទម្ងន់ ៦៧គីឡូក្រាម កាលពីថ្ងៃ១៦ ខែមេសា នៅប្រទេសហ្វីលីពីន ដែលនាំឲ្យនាងក្លាយជាកីឡាការិនីដំបូងគេរបស់កម្ពុជា ឈានបន្តចូលរួមការប្រកួតកីឡាអូឡាំពិកកំរិតពិភពលោក ។ នៅយប់ថ្ងៃ១៨ ខែមេសា កីឡាការិនី ស៊ន សៀវម៉ី បានយកឈ្នះមេដាយប្រាក់ ១គ្រឿង ទៀត ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាតេក្វាន់ដូជើងឯកទ្វីបអាស៊ី ។
កញ្ញា ស៊ន សៀវម៉ី ក្រោយការប្រកួតនៅហ្វីលីពីនរួច បានមកដល់កម្ពុជាវិញហើយ ដោយមានការអញ្ជើញទៅទទួលដោយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួនណារ៉ុន ផងដែរ ។ នៅជាមួយការបន្ថែមលើរង្វាន់ ៨០លានរៀល ពីក្រសួងអប់រំ កីឡាការីនី ស៊ន សៀវម៉ី និងគ្រូបង្វឹក នៅបានទទួលការឧបត្ថម្ភលើកទឹកចិត្តម្នាក់ៗចំនួន ១ពាន់ដុល្លារ ដោយគណៈកម្មការជាតិអូឡាំពិកកម្ពុជាផងដែរ ។