ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចពិភាក្សាត្បូង-ត្បូង (South-South Dialogue) ស្តីពីប្រទេសអភិវឌ្ឍន៍តិចតួច និងការអភិវឌ្ឍន៍


ទីក្រុងម៉ុងត្រឺ ប្រទេសស្វីស៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំជាផ្លូវការ សម្រាប់ កិច្ចពិភាក្សាត្បូង-ត្បូង (South-South Dialogue) ទាក់ទងនឹងប្រទេសអភិវឌ្ឍន៍តិចតួច និងការអភិវឌ្ឍន៍ នៅទីក្រុងម៉ុងត្រឺ (Montreux) ប្រទេស្វីស។ កិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមបើកពីឯកឧត្តម Xiangchen Zhang អគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន លោក Shishir Priyadarshi ប្រធានលេខាធិការដ្ឋានអង្គការពាណិជ្ជកម្មពិភពលោក និងគណៈប្រតិភូនៃសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ប្រមាណជាង ៨០នាក់។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ប្រទេសអភិវឌ្ឍន៍តិចតួចត្រូវបានយកចិត្តទុកដាក់សម្រាប់យកទៅចរចា នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីរបស់អង្គការពាណិជ្ជកម្មពិភពលោកលើកទី១១ នៅទីក្រុងប៊ូណូហ្សែរេស ប្រទេសអាហ្សង់ទីន។ ជាងនេះទៀត សព្វថ្ងៃនេះ ប្រទេសអភិវឌ្ឍន៍តិចតួចភាគច្រើន ចំណូលជាមធ្យមរបស់ប្រជាជនគឺ ១.២៥ ដុល្លារអាមេរិក និងបានរួមចំណែក ០.៩% នៃ ផ.ស.ស (GDP) របស់ពិភពលោក។ លទ្ធផលនៃសេដ្ឋកិច្ចទន់ខ្សោយរបស់ប្រទេសអភិវឌ្ឍន៍តិចតួចជាច្រើន បានធ្វើឲ្យមានការថមថយនៃកំណើន ផ.ស.ស (GDP) ជាមធ្យមសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ ដល់ ១.៥% នៅឆ្នាំ ២០១៥ ដែលក្នុងឆ្នាំ ២០១៤ មាន ៣.៣%។ ការធ្លាក់ចុះបែបនេះហើយដែលជាកត្តារារាំងដល់ការកាត់បន្ថយភាពក្រីក្រ និងអូសបន្លាយពេលក្នុងការសម្រេចបាននូវទិសដៅការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ជាមួយគ្នានេះដែរ គណៈកម្មាធិការស្តីពី ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ របស់អង្គការពាណិជ្ជកម្មពិភពលោកបានគូសបញ្ជាក់ច្បាស់អំពីការបើកច្រកទីផ្សាររបស់ប្រទេសអភិវឌ្ឍន៍តិចតួចពីឆ្នាំ២០០៥ ដល់ ២០១៦ ដែលការនាំចេញ ទំនិញ និងសេវាកម្មរបស់ប្រទេសអភិវឌ្ឍន៍តិចតួច បានកើនឡើងតិចតួចជាមធ្យម ៦.៤%។ ក្នុងនាមប្រទេសអភិវឌ្ឍន៍តិចតួច ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក៏បានសម្តែងនូវការអរគុណដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលបានធ្វើការជូនដំណឹងអំពីការនាំចូលដោយរួចពន្ធ និងមិនកំណត់កូតា (DFQF) ដែលជាហេតុធ្វើអោយ ការបើកច្រកទីផ្សារសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចមានការកើនឡើងក្នុងការនាំចេញ។ ប្រទេសទំាងនោះ រួមមាន៖ ប្រទេសចិន ឈីលី ឥណ្ឌា កូរ៉េ ចិនតៃបិ និងប្រទេសថៃ។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរឲ្យកិច្ចប្រជុំនេះបញ្ចប់ទៅដោយភាពរលូនទទួលបានលទ្ធផលផ្លែផ្កា ដើម្បីឲ្យកិច្ចសហប្រតិបត្តិការត្បូង-ត្បូង បន្តរក្សានូវភាពជោគជ័យ និងសម្រេចបានផលប្រយោជន៍ដល់ប្រទេសអភិវឌ្ឍន៍តិចតួច ពិសេសការកាត់បន្ថយភាពក្រីក្រ តាមរយៈការចូលរួមក្នុងរបបពាណិជ្ជកម្មពិភពលោក។
សូមបញ្ជាក់ផងដែរថា កិច្ចពិភាក្សាត្បូង-ត្បូងនេះបានពិភាក្សាផ្តោតសំខាន់លើប្រធានបទសំខាន់ចំនួនបី គឺ ទី(១) បច្ចុប្បន្នភាព និងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោកលើកទី១១ (MC11) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ទី(២) ការពិភាក្សាលើភាពជាដៃគូលើការដោះស្រាយបញ្ហាថ្មីៗ និង ទី(៣) កិច្ចសហប្រតិបត្តិការត្បូង-ត្បូង។