សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយ លោកស្រី ម៉ារៀ ហ្វើណាន់ដា ឡៃ (Maria Fernanda Lay) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅអគារអគ្គនាយកដ្ឋានពន្ធដារ ក្នុងសង្កាត់ជ្រោយចង្វារ ក្នុងឱកាសដែលលោកស្រី អញ្ជើញចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធាន ISC-2 និងក្នុងនាមសម្តេចផ្ទាល់ ចាត់ទុកវត្តមានរបស់គណៈប្រតិភូរដ្ឋសភាទីម័រឡេស្តេនៅក្នុងវេទិកាសភា ISC លើកទី២ ពិតជាមានសារៈសំខាន់ខ្លាំង និងជាសក្ខីភាពឆ្លុះបញ្ចាំងពីស្មារតីមិត្តភាព សាមគ្គីភាព និងឆន្ទៈរួមនៃប្រទេសទាំងពីរក្នុងការបន្តពង្រឹងពូនជ្រំកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ព្រមទាំងជំរុញការផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍លើបញ្ហាតំបន់ និងសកលលោក។
សម្តេចបានកត់សម្គាល់ថា ទីម័រឡេស្តេ ជាមិត្តចាស់និងស្មោះត្រង់របស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានពូនជ្រំទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរ និងការគាំទ្រ ព្រមទាំងជ្រោមជ្រែងក្នុងការឱ្យទីម័រឡេស្តេ ក្លាយជាសមាជិកទី១១ របស់អាស៊ាន ក៏ដូចជាសមាជិកអន្តរសភាអាស៊ាន (AIPA) ផងដែរ។ សម្តេចតេជោ ធ្លាប់បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសទីម័រឡេស្តេ ហើយទទួលបានការស្វាគមន៍ គោរពស្រឡាញ់ដ៏ជ្រាលជ្រៅពីថ្នាក់ដឹកនាំនិងប្រជាជនទីម័រឡេស្តេ។នៅក្នុងឱកាសនោះ ទីម័រឡេស្តេ បានប្រគល់ជូននូវមេដាយថ្នាក់ខ្ពស់បំផុតរបស់សាធារណរដ្ឋទីម័រឡេស្តេ ជូនសម្តេចតេជោ ហ៊ុន សែន ថែមទៀតផង។
លោកស្រី ម៉ារៀ ហ្វើណាន់ដា ឡៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹក ទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយលោកស្រីនិង គណៈប្រតិភូនៅក្នុងឱកាសនេះ។ ទីម័រឡេស្តេ វាយតម្លៃខ្ពស់ចំពោះការរៀបចំសន្និសីទ ISC លើកទី២ របស់សភាកម្ពុជា។ ជាមួយគ្នានេះ លោកស្រី បង្ហាញនូវការពេញចិត្តនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសន្និសីទ ISC លើកទី២ ដែលបានថ្លែងសុន្ទរកថាប្រកបដោយអត្ថន័យ និងជាក់ស្តែង ក្នុងឱកាសបើកសន្និសីទ។
លោកស្រី បានគូសបញ្ជាក់ថា ទីម័រឡេស្តេ ជាប្រទេសមួយដែលឆ្លងកាត់សង្គ្រាមដូចជាកម្ពុជាដែរ។ សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមនោះទេ មានតែការចរចាប៉ុណ្ណោះ ទើបអាចបញ្ចប់សង្គ្រាមបាន។ ក្នុងនាមជាសមាជិកអាស៊ានថ្មីមួយ លោកស្រីប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទីម័រឡេស្តេនឹងបានរៀនសូត្រជាច្រើនទៀតពីកម្ពុជា។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានគាំទ្រការលើកឡើងរបស់លោកស្រី ប្រធានរដ្ឋសភាទីម័រឡេស្តេ។ សម្តេចបានគូសបញ្ជាក់ថា នៅក្នុងការឆ្លើយតបសង្គ្រាមឈ្លានពានពីប្រទេសថៃ កម្ពុជាប្រកាន់នូវការអត់ធ្មត់ គោរពច្បាប់អន្តរជាតិ និងព្យាយាមដោះស្រាយដោយសន្តិវិធី តាមយន្តការដែលមានស្រាប់។ ប៉ុន្តែភាគីម្ខាងទៀត ឈ្លានពាននិងរំលោភកិច្ចព្រមព្រៀងជាបន្តបន្ទាប់ រហូតឈានដល់ការគ្រប់គ្រងដោយខុសច្បាប់លើដែនអធិបតេយ្យភាពកម្ពុជា ធ្វើឱ្យពលរដ្ឋភៀសសឹកជាច្រើនមិនអាចវិលទៅលំនៅដ្ឋានវិញបានរហូតមកដល់ពេលនេះ។ មិនតែប៉ុណ្ណោះ ថៃថែមទាំងបានលុបចោលជាឯកតោភាគីនូវកិច្ចព្រមព្រៀងឆ្នាំ២០០១ ស្តីពីដែនសមុទ្រត្រួតស៊ីគ្នា បង្ខំឱ្យកម្ពុជា ជ្រើសយក «យន្តការផ្សះផ្សាដោយបង្ខំ» ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយជម្លោះព្រំដែនសមុទ្រ។
កម្ពុជាបានគាំទ្រ លោកស្រី កាទ្រីណា ឃូបពឺ (Katrina Cooper) ដែលជាអ្នកការទូត និងជាអ្នកជំនាញច្បាប់អូស្ត្រាលីដ៏ល្បីឈ្មោះមួយរូប ធ្លាប់ធ្វើជាប្រធានគណៈកម្មាធិការសម្របសម្រួលរវាងទីម័រឡេស្តេ និងអូស្ត្រាលី មកធ្វើជាប្រធានគណៈកម្មាធិការសម្របសម្រួល ក្នុងការដោះស្រាយដែនសមុទ្រត្រួតស៊ីគ្នាជាមួយភាគីថៃ តាមយន្តការ UNCLOS នេះដែរ។
សម្តេចរដ្ឋសភាធិបតី និងលោកស្រីប្រធានរដ្ឋសភាទីម័រឡេស្តេ បានយល់ស្របដូចគ្នាពីសារៈសំខាន់ដែលសមាជិកអាស៊ានត្រូវគោរពនូវមជ្ឈភាពអាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យតំបន់មួយនេះ ក្លាយជាសហគមន៍មួយ មានសុខសន្តិភាព ធានាបាននូវវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រៅពីតម្លៃសន្តិភាព ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ ក៏បានចែករំលែកបទពិសោធន៍ការងារសមភាពយេនឌ័រ ផងដែរ៕











