ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ចេញយុទ្ធសាស្រ្តទាក់ទាញ អ្នកវិនិយោគនិង ទេសចរណ៍កាណាដា និងអាមេរិក


ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ចេញយុទ្ធសាស្រ្តមួយចំនួន ដើម្បីទាក់ទាញក្រុមអ្នក វិនិយោគ និងអ្នកទេសចរណ៍របស់ប្រទេសកាណាដា និងសហរដ្ឋអាមេរិកមកកម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រាសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ក្រោយពីលោកត្រឡប់មកពីទស្សនកិច្ច នៅកាណាដា និងអាមេរិក ថា “ក្រុមការងារបានរៀបចំ ពិព័រណ៍វប្បធម៌ នៅទីក្រុងឡុងប៊ិក និងបានធ្វើបទឧទ្ទេសនាមជាច្រើននៅតាមបណ្តារដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដើម្បីទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍អាមេរិក និងកាណាដាមកកម្ពុជា” ។
ព្រមជាមួយគ្នានេះ ឯកឧត្តមបានជួបថ្នាក់ដឹកនាំកំពូលនៃបណ្តារដ្ឋ និងក្រុងមួយចំនួននៅអាមេរិក ក៏ដូចជាថ្នាក់ដឹកនាំខេត្ត និងថ្នាក់ជាតិ របស់ប្រទេសកាណាដា ដើម្បីពិភាក្សាលើលទ្ធភាពពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ការផ្តល់អាហាររូបករណ៍ដល់និស្សិតខ្មែរ និងការផ្តល់ទិដ្ឋការ ការងារដល់ប្រជាជនខ្មែរ ដើម្បីបើកឱកាសឲ្យពួកគាត់ បានទៅប្រកបការងាររយៈពេលខ្លីនៅកាណាដា ។
សរុបសេចក្តីដំណើរទស្សនកិច្ចដែល មានរយៈពេលប្រមាណជិត ៣សប្តាហ៍ នៅលើទឹក អាមេរិក និង កាណាដារបស់ក្រុមការងារ យុវជនដែលដឹកនាំ ដោយឯកឧត្តម ហ៊ុន ម៉ាណែត បានប្រព្រឹត្ត ទៅដោយរលូនតាមកម្មវិធីដែល បានគ្រោងទុក ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អ ។
សូមបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត បានចាក់ចេញពីកម្ពុជា ទៅអាមេរិកកាលពីដើមខែមេសា ដើម្បីជួបជុំជាមួយប្រជាជនខ្មែរ អបអរសាទរបុណ្យ ចូលឆ្នាំខ្មែរនៅទីនោះ៕
HUN MANET 25-4-2016 (1)                                          HUN MANET 25-4-2016 (2)
HUN MANET 25-4-2016 (3)                                            HUN MANET 25-4-2016 (5)
HUN MANET 25-4-2016 (6)                                       HUN MANET 25-4-2016 (7)
HUN MANET 25-4-2016 (8)