សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នេះ បានផ្ញើសារលិខិតចូលរួមអបអរសាទរ និងប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ក្នុងឱកាសនៃខួបចម្រើនជន្មាយុ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
តាមរយៈសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះ សម្តេចមហាមន្ត្រី គុយ សុផល ដែលជាអ្នកដឹកនាំដ៏ឆ្នើម និងជាឥស្សរជនជាន់ខ្ពស់មួយរូប ពោរពេញដោយទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការបំពេញភារកិច្ចដង្ហែ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សម្តេចតេជោប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់បន្ថែមថា សម្តេចមហាមន្ត្រី គុយ សុផល បានដឹកនាំក្រសួងព្រះបរមរាជវាំង សម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនជាបន្តបន្ទាប់ ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជាតិកម្ពុជា ព្រមទាំងតែងតែបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស និងការងារសង្គមប្រកបដោយសប្បុរសធម៌។
ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន សូមបួងសួង និងប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ ជូនចំពោះ សម្តេចមហាមន្ត្រី គុយ សុផល និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

