អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋជាង ៤០០គ្រួសារ នៅស្រុកជុំគិរី


ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធចុះចែកប័ណ្ណកម្មសិទ្ធដីធ្លី ជូនពលរដ្ឋចំនួន ៤២៥គ្រួសារ ដែលរស់នៅក្នុងភូមិចំនួន៧ នៃស្រុកជុំគិរី រួមមាន៖ ភូមិដំណាក់ឈើក្រំ ភូមិព្រៃឃ្ជាយ ឃុំស្នាយអញ្ជិត ភូមិត្រពាំងវែង ឃុំត្រពាំងរាំង ភូមិស្រែចែង ឃុំស្រែចែង ភូមិកណ្តាល ភូមិមនោណុប និងភូមិឈើទាល ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត។

បើតាមលោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ក្រោមកិច្ចចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែផ្ដល់ជាធនធានថវិកា សម្ភារៈឧបករណ៍ ការគាំទ្រលើផ្នែកបច្ចេកទេស បានជំរុញការងារចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិកាន់តែមានប្រសិទ្ធិភាព ស្របតាមផែនការដែលបានគ្រោងទុក ដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ប្រកបដោយ ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ជាក់ស្តែងថ្ងៃនេះមានការប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៧ភូមិក្នុងស្រុកជុំគិរី ដែលមានក្បាលដីសរុបចំនួន ៥៨២ក្បាលដី ស្មើនឹង ៤២៥គ្រួសារ។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា កិច្ចការងារវាស់វែងដីធ្លី និងការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ លើក្បាលដីប៉ាន់ស្មាននៅទូទាំងខេត្តសរុបប្រមាណ ៧៨៤.០៦៤ក្បាលដី ត្រូវក្រុមការងារជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានវាស់វែងរួចរាល់ ហើយបណ្ណកម្មសិទ្ធប្រមាណជាង ៦២ម៉ឺនបណ្ណ ក៏បានចែកជូនដល់ដៃពលរដ្ឋនៅទូទាំងខេត្តផងដែរ។

ទន្ទឹមនោះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអនុវត្តគោលនយោបាយដីធ្លី ក៏ដូចជាបន្តអនុវត្តន៍នូវគោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី សម្តេចបានជំរុញដល់អាជ្ញាធរខេត្ត មន្ទីរជំនាញក៏ដូចជាអាជ្ញាមូលដ្ឋាន ត្រូវចេញបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋឱ្យបានរួចរាល់ និងឆាប់រហ័សបំផុត ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋអាចប្រើប្រាស់ដីស្របច្បាប់ និងទាញយកផលប្រយោជន៍ ពីវិស័យដីធ្លី ពិសេសកាត់បន្ថយ និងឈានដល់បញ្ចប់នូវវិវាទដីធ្លីទាំងស្រុងនៅទូទាំងប្រទេស។

ឯកឧត្តមអភិបាលខេត្ត បន្តថា ក្រោមការគិតគូរ និងយកចិត្តទុកដាក់ពីសំណាក់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ មានការរីកចម្រើនមួយកំរិត ដោយការទាញយកផលប្រយោជន៍ពីវិស័យដីធ្លី ដើម្បីបង្កើតមុខរបរផ្សេងៗ។ ទន្ទឹមនឹងនោះវិវាទដីធ្លីជាច្រើនក៏ត្រូវបានបញ្ចប់ ដោយសារតែពលរដ្ឋម្នាក់ៗ មានបណ្ណកម្មសិទ្ធកាន់កាប់ដីធ្លីស្របច្បាប់ ដោយមិនអាចមាននរណាម្នាក់បំពាន ឬរំលោភយកបាននោះឡើយ។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានត្រូវរួមសហការគ្នាឱ្យបានល្អប្រសើរបន្តទៀត ដើម្បីពន្លឿនកិច្ចការងារចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៦ ខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ពលរដ្ឋដែលមានបណ្ណកម្មសិទ្ធទាំងអស់ សូមកុំឱ្យកើតមាននូវវិវាទដីធ្លី ព្រោះមុននឹងចេញបណ្ណកម្មសិទ្ធនេះ គឺបានឯកភាពទទួលយកនូវអ្វីដែលជារបស់ខ្លួនរួចហើយ តែបើមានករណីវិវាទដីធ្លីកើតឡើង គឺត្រូវចំណាយពេលវេលាទៅដោះស្រាយតាមប្រព័ន្ធច្បាប់ នៅស្ថាប័នតុលាការ គឺមិនអាចដោះស្រាយនៅថ្នាក់ឃុំ-សង្កាត់ ក្រុង-ស្រុក ឬខេត្តបាននោះឡើយ៕