នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោក Isaac Herzog ប្រធានាធិបតីអ៉ីស្រាអែល ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប ប្រធានាធិបតីអ៊ីស្រាអែល បានសម្តែងក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយសម្តេចធិបតី ក្នុងឱកាសនេះ។ លោកបន្តថា ជំនួបនេះបានឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏យូរអង្វែង រវាងអ៉ីស្រាអែល-កម្ពុជា។
ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីអ៊ីស្រាអែល ហើយសម្ដេចធិបតីបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកប្រធានាធិបតី។
ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៉ីស្រាអែល ក្នុងរយៈពេលជិត៦ទសវត្សរ៍ កន្លមកនេះ និងប្ដេជ្ញាបន្តពង្រឹង និងពង្រីកបន្ថែមទៀតដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជនយើងទាំងពីរ។
ព្រមជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងការពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំ ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ, កសិកម្ម, អប់រំ, ទេសចរណ៍, និងការងារ ជាដើម។ សម្ដេចធិបតី និងប្រធានាធិបតីអ៉ីស្រាអែល បានឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ឱ្យបានទៀងទាត់ សំដៅស្វែងរក និងទាញយកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ឆ្ពោះទៅកម្រិតថ្មី។
មុននឹងបញ្ចប់ សម្ដេចធិបតីក៏បានសម្ដែងនូវការអរគុណចំពោះរដ្ឋាភិបាលអ៊ីស្រាអែល ដែលបានយកចិត្តទុកដាក់ ផ្ដល់ការគាំទ្រ និងទំនុកបម្រុងដល់និស្សិត និងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងអ៊ីស្រាអែល៕









