សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចចរចាព្រំដែនរវាងប្រទេស និងប្រទេស ជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងប្រជាជន មិនអាចធ្វើការដោយគ្មាន​មូលដ្ឋានច្បាស់លាស់ ឬតាមប្រភពយកជាការមិនបាននោះទេ


ពីប្រទេសអាស៊ែបៃហ្សង់ទីដែលកំពុងបំពេញការងារក្រៅប្រទេសនោះ សម្តេចមហាប​វរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារថ្មីមួយបញ្ជាក់ពីការទទួលខុសត្រូវលើបញ្ហាព្រំដែន។

ភ្ជាប់ជាមួយរូបភាពគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី២របស់គណៈកម្មការផ្សះផ្សាដោយបង្ខំលើដែន​សមុទ្រ​កម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសរំលេចថា កិច្ចការ​ចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាល​ចំពោះជាតិ និងប្រជា​ជន ដែលទាមទារឱ្យមានមូលដ្ឋានច្បាស់លាស់ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំង​ធ្វើកិច្ចការ​ដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិ។

សម្តេចមហាបវរធិបតី បានសង្កត់ថា ការងារនេះ មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមប្រភព​យក​ជាការមិនបាន ដូចជាតាមទូរទស្សន៍ឬបណ្តាញសង្គម, តាមលឺគេថា, ឬតាមញ្ញាណពិសេស។ល។ នោះទេ។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមទៀតថា ចំពោះការជ្រើសរើសវិធីសាស្ត្រដើម្បីដោះស្រាយ គឺត្រូវ​ជ្រើសរើសវិធីសាស្ត្រណាមួយដែលស្របទៅតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង មិនថាជាយន្តការទ្វេ​ភាគី (ដែលយើងកំពុងព្យាយាមជំរុញ ដើម្បីដោះស្រាយព្រំដែនគោកតាម JBC) ឬជាយន្តការអន្តរជាតិ (ដែល​យើងកំពុងប្រើប្រាស់ ក្នុងការដោះស្រាយព្រំដែនទឹក តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS)។

ក្នុងសារនេះ សម្តេចនាយករដ្ឋមន្ត្រី បានជូនពរគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដែលដឹកនាំដោយ​លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយ​កម្ពុជា និងថៃ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) និងតុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រទេសហូឡង់ ពីថ្ងៃទី១៤-១៨ ខែតុលា ឆ្នាំ២០២៦៕