ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសស្តីពី «បរិក្ខារគ្រប់គ្រងចរាចរណ៍» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីររាជធានី-ខេត្ត តំណាងវិស័យឯកជន វាគ្មិនកិត្តិយស និងមន្ត្រីរាជការជាច្រើនរូប។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង និងជំនាញពាក់ព័ន្ធនឹងប្រភេទ តួនាទី គោលការណ៍នៃការរៀបចំ ការជ្រើសរើស ការឌីហ្សាញ ការដំឡើង និងការថែទាំបរិក្ខារចរាចរណ៍ និងផ្តោតសំខាន់លើការធានាឱ្យអ្នកប្រើប្រាស់ផ្លូវអាចមើលឃើញ យល់ និងអនុវត្តតាមសញ្ញា និងបរិក្ខារចរាចរណ៍បានច្បាស់លាស់ និងទាន់ពេលវេលា។
លើសពីនេះវគ្គបណ្តុះបណ្តាលនេះនឹងពង្រឹងសមត្ថភាពក្នុងការអនុវត្តគោលការណ៍ និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងបរិក្ខារចរាចរណ៍ ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នា ប្រសិទ្ធភាព សុវត្ថិភាព និងសោភ័ណភាពនៃប្រព័ន្ធបរិក្ខារចរាចរណ៍នៅតាមបណ្តាញផ្លូវថ្នល់ទូទាំងប្រទេស។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ កម្ពុជានឹងមានធនធានមនុស្សកាន់តែមានសមត្ថភាពក្នុងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ។
ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្រ្តី គូសបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មិនមែនសំដៅត្រឹមតែជាការសាងសង់ កម្រាលកៅស៊ូឬបេតុង ដែលផ្តល់ឱ្យនូវការប្រើប្រាស់ផ្លូវថ្នល់បានរលូនប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាឱ្យបាននូវ «គុណភាព សោភ័ណភាព និងជាពិសេសសុវត្ថិភាពខ្ពស់» សម្រាប់អ្នកប្រើប្រាស់ផងដែរ។ បរិក្ខារចរាចរណ៍ រួមមាន៖ គំនូសសញ្ញា ផ្លាកសញ្ញា ភ្លើងសញ្ញា របាំងសុវត្ថិភាព និងភ្លើងបំភ្លឺផ្លូវ គឺជាភាសាទំនាក់ទំនងផ្ទាល់រវាងផ្លូវ និងអ្នកបើកបរ។ កង្វះខាត ឬភាពមិនច្បាស់លាស់នៃបរិក្ខារទាំងនេះ គឺជាមូលហេតុចម្បងមួយដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
លោករដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹងបន្ថែមទៀតពាក់ព័ន្ធនឹងការរចនា និងកំណត់ប្រភេទនិងទីតាំងបំពាក់បរិក្ខារចរាចរណ៍ឱ្យបានត្រឹមត្រូវសមស្របនឹងស្ថានភាពផ្លូវ និងលក្ខខណ្ឌចរាចរណ៍ ហើយសូមស្នើដល់សិក្ខាកាមទាំងអស់ សូមយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅបន្តចែករំលែកដល់មន្រ្តីនៅតាម អង្គភាពរបស់ខ្លួនឱ្យបានយល់ដឹងបន្ថែម៕




















