សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ ឯកឧត្តម Saqr Ghobash ប្រធានក្រុមប្រឹក្សាជាតិសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ក្នុងឱកាសទិវាបុណ្យជាតិ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម


សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារអបអរសាទរ ឯកឧត្តម Saqr Ghobash ប្រធានក្រុមប្រឹក្សាជាតិសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម និងប្រជាជនអេមីរ៉ាតអារ៉ាប់រួម ក្នុងឱកាសទិវាបុណ្យជាតិ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃទី០២ ខែធ្នូ ខាងមុខនេះ។ នេះបើតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានកោតសរសើរចំពោះវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមដ៏អស្ចារ្យ ដែលអេមីរ៉ាត អារ៉ាប់រួម (UAE) សម្រេចបានចាប់តាំងពីការបង្កើតប្រទេសមក ជាពិសេស គឺជោគជ័យក្នុងការធ្វើ ពិពិធកម្មសេដ្ឋកិច្ច ដែលបានប្រែក្លាយប្រទេសនេះឱ្យទៅជាមជ្ឈមណ្ឌលតំបន់ និងសកលដ៏សំខាន់មួយ នៃវិស័យសេវាកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍។

សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារបែបនេះថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង សូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងជូនពរសព្ទសាធុការជូនចំពោះ ឯកឧត្តម ក្រុមប្រឹក្សាជាតិសហព័ន្ធ និងប្រជាជនអេមីរ៉ាតអារ៉ាប់រួមជាទីរាប់អាន ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាបុណ្យជាតិ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។

ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមដ៏អស្ចារ្យ ដែលអេមីរ៉ាត អារ៉ាប់រួម(UAE) សម្រេចបានចាប់តាំងពីការបង្កើតប្រទេសមក ជាពិសេស គឺជោគជ័យក្នុងការធ្វើ ពិពិធកម្មសេដ្ឋកិច្ច ដែលបានប្រែក្លាយប្រទេសនេះឱ្យទៅជាមជ្ឈមណ្ឌលតំបន់ និងសកលដ៏សំខាន់មួយ នៃវិស័យសេវាកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍។

ខ្ញុំមានសេចក្តីរីករាយនឹងកត់សម្គាល់ថា ទោះបីជាមានគម្លាតភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ ក៏ មិត្តភាព និងទំនាក់ទំនងដ៏ជិតស្និទ្ធរបស់យើង នៅតែបន្តរីកចម្រើនក្នុងវិស័យសំខាន់ៗ ដែលនាំមកនូវ ផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ នឹងបន្តពង្រីកបន្ថែមទៀតទៅក្នុងវិស័យថ្មីៗទៀត ដើម្បីជាអត្ថប្រយោជន៍ ជាក់ស្តែងសម្រាប់ប្រជាជនយើងទាំងពីរ។ ខ្ញុំទន្ទឹងរង់ចាំធ្វើការងារកាន់តែជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិយើងទាំងពីរ ដែលការណ៍នេះ នឹងរួម ចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម សម្រាប់ប្រទេសយើងទាំងពីរ តំបន់ទីទៃរបស់យើង និងនៅលើពិភពលោក។

ជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមជូនពរ ឯកឧត្តម មានសុខភាពល្អបរិបូរ សុភមង្គល និងទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងភារកិច្ចដ៏ឧត្តុង្គ ឧត្តមរបស់ឯកឧត្តម និងសូមជូនពរឱ្យប្រជាជន UAE ទទួលបាននូវសន្តិភាព សុខុមាលភាព និង វិបុលភាពជានិច្ចនិរន្តរ៍តរៀងទៅ»៕