សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារអបអរសាទរ ឯកឧត្តម Thongloun Sisoulith ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតឡាវ និងជាអគ្គលេខាធិការ បក្សបដិវត្តន៍ប្រជាជនឡាវ ក្នុងឱកាសខួបលើកទី៥១ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី២ ខែធ្នូ ខាងមុខនេះ។ នេះបើតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
នៅក្នុងឱកាសនេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ច-សង្គម ជាបន្តបន្ទាប់ និងការរក្សាបាននូវកេរ្តិ៍ឈ្មោះទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ជាសក្ខីភាពនៃកិច្ចខិតខំ ប្រឹងប្រែង និងពលិកម្មដ៏មោះមុតរបស់ថ្នាក់ដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ ព្រមទាំងភាពធន់ ការប្តេជ្ញាចិត្ត និងសហថាមពលរបស់ប្រជាជនឡាវ។
សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារបែបនេះថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងការអបអរ-សាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះឯកឧត្តម និងប្រជាជនឡាវជាទីរាប់អាន ក្នុងឱកាសនៃខួប លើកទី៥១ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ឱកាសដ៏ឧត្តុង្គឧត្តមនេះ គឺជាការរំលឹកឡើងវិញនូវសមិទ្ធផលដ៏ធំធេងរបស់សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវក្នុងការកសាងប្រទេសមួយដ៏រឹងមាំ និងឯករាជ្យ។ កំណើនសេដ្ឋកិច្ច-សង្គម ជាបន្តបន្ទាប់ និងការរក្សាបាននូវកេរ្តិ៍ឈ្មោះទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ជាសក្ខីភាពនៃកិច្ចខិតខំ ប្រឹងប្រែង និងពលិកម្មដ៏មោះមុតរបស់ថ្នាក់ដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ ព្រមទាំងភាពធន់ ការប្តេជ្ញាចិត្ត និងសហថាមពលរបស់ប្រជាជនឡាវ។
ឆ្នាំនេះ ក៏ជាខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតនៃទំនាក់ទំនងការទូតរបស់យើងផងដែរ។ ខ្ញុំសូមឆ្លៀតឱកាសដ៏ថ្លៃថ្លានេះ បញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ខ្ញុំ ក្នុងការបន្តធ្វើការយ៉ាង ជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង យូរអង្វែងរបស់យើង ដើម្បីផលប្រយោជន៍ជាក់ស្តែងបន្ថែមទៀតសម្រាប់ប្រជាជននៃប្រទេសយើង ទាំងពីរ និងដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅក្នុង តំបន់ និងពិភពលោក។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា វត្តមានដ៏មានតម្លៃរបស់ឯកឧត្តម នៅកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីងភ្នំពេញ និងជំនួបទ្វេភាគីរបស់យើង នឹងជាកម្លាំងជំរុញថ្មីសម្រាប់ ទិសដៅអនាគតនៃកិច្ចសហការប្រកបដោយផ្លែផ្ការបស់យើងទាំងពីរ។
ជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមជូនពរ ឯកឧត្តម មានសុខភាពល្អ និងទទួលបានជោគជ័យជាបន្តបន្ទាប់ និងជូនពរប្រជាជននៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ទទួលបាននូវសុខុមាលភាព និងវិបុលភាពយូរអង្វែង»៕


