សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតអោយក្រុមហ៊ុនចិនដែលមានបំណងវិនិយោគនៅកម្ពុជាចូលជួបពិភាក្សាការងារ


នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែធ្នូនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ចាង ម៉េងស៊ីង (ZHANG MENGXING) ប្រធានក្រុមហ៊ុន អឹម អឹម ស៊ី (MCC) មកពីប្រទេសចិន ។
លោក ZHANG MENGXING បានជំរាបជូនសម្តេចតេជោថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនរបស់រដ្ឋចិន ដែលជាក្រុមហ៊ុនដ៏ល្បីមួយក្នុងចំណោមក្រុមហ៊ុនទាំង៥០០ លើពិភពលោក។ ក្រុមហ៊ុនរបស់លោក មានជំនាញខាងផលិតដែកលោហៈធាតុ នៅប្រទេសចិនហើយផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិប្រមាណ៦០% នៅទូទាំងពិភពលោក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មានបទពិសោធន៍ខាង គូរប្លង់ និងសាងសង់និងមានជំនាញខាងបច្ចេកវិទ្យាថ្មីៗផងដែរ។ ក្រុមហ៊ុននេះកំពុងប្រតិបត្តិការនៅប្រទេសចំនួន៥៤ ហើយក្រុមហ៊ុន MCC គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទីផ្សារកម្ពុជា ដែលបច្ចុប្បន្ននេះក្រុមហ៊ុនមានគម្រោងចំនួន១៦ហើយ ដែលមានទឹកប្រាក់វិនិយោគប្រមាណ២៦០លានដុល្លារ។ លោកបានបញ្ជាក់អំពីសក្តានុពលទីផ្សារនៅកម្ពុជាដែលកំពុងទាក់ទាញលោកអោយបន្ថែមការវិនិយគគម្រោងធំៗទៀត។ ក្រុមហ៊ុនលោកសព្វថ្ងៃកំពុងសហការជាមួយ លោក ជំទាវ លឹម ឈីវហួរ លើគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅស្ទឹងទឹកហាវ និងតំបន់សេដ្ឋកិច្ចពិសេសនៅស្ទឹងហាវ ដែលអាចអោយនាវាចំណុះ៥ម៉ឺនតោនអាចចូលចតបាន។ កំពង់ផែនេះ គឺដាច់ខាតត្រូវតែអាចទទួលនាវាចំណុះ៥ម៉ឺនតោនចូលចតបានទើបជួយទ្រទ្រង់តំបន់សេដ្ឋកិច្ចពិសេសនៅទីនេះបាន។ លោកប្រធានក្រុមហ៊ុនបានគោរពស្នើស្នើសុំ សម្តេចតេជោ នាយករដ្ឋមន្រ្តីមេត្តាគាំទ្រចំពោះគម្រោងខាងលើ។ ស្របជាមួយគ្នានេះដែរ លោកប្រធានក្រុមហ៊ុន ក៏មានបំណងរៀបចំឱ្យមានក្រុមប្រឹក្សាបច្ចេកវិទ្យាដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាផងដរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោក ZHANG MENGXING ចំពោះ គោលបំណងរបស់មកកាន់កម្ពុជានាពេលនេះ។ សម្តេចតេជោ បានស្វាគមន៍ចំពោះគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅ និងតំបន់សេដ្ឋកិច្ចពិសេស ដែលអាចនឹងទាក់ទាញវិនិយោគទុនបរតែសជាច្រើមកកាន់កម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះគម្រោងបង្កើតក្រុមប្រឹក្សាបច្ចេកវិទ្យាដែលនឹងចូលរួមចំណែកក្នុងការកសាងធនធានមនុស្សនៅក្នុងប្រទេស។
សម្តេចតេជោ បានលើកទឹកចិត្ត ឱ្យក្រុមហ៊ុន បន្តនូវសកម្មភាពជាមួយដៃគូវិនិយោគក្នុងស្រុក ហើយរៀបចំគម្រោងវិនិយោគលើគម្រោងទាំងពីរអោយបានឆាប់៕