ឯកឧត្តម សុខ ឥសាន ចាត់ទុកការទូលថ្វាយព្រះមហាក្សត្រដោយក្រុមអ្នកតំណាងរាស្ត្រគណបក្ស ប្រឆាំងនៅពេលនេះ ថាកំពុងបំភ្លៃព័ត៌មាន


ឆ្លើយតបនឹងក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង ទូលថ្វាយព្រះមហាក្សត្រអំពីស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន ឯកឧត្តម សុខ ឥសាន តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការ​ពិត ពលរដ្ឋ​គ្រប់​ទីកន្លែង​កំពុង​រស់នៅ​សុខសាន្ត៖ «គេ​សប្បាយ​ទូទាំង​ប្រទេស​ឆ្នាំ​នេះ គេ​សប្បាយ​លើស​ឆ្នាំ​មុនៗ​ទៀត ហើយ​មូលហេតុ​អី​បាន​នាំ​គ្នា​និយាយ​ចឹង? ហ្នឹង ​គឺ​ជា​ចេតនា​ទុច្ចរិត​មួយ​បំផុស​មហាជន​ឲ្យ​ភ័យ​ខ្លាច តែ​មហាជន​គេ​ដឹង​ហើយ គេ​អី​ខ្លាច​អី​គេ បើ​គេ​ទើប​តែ​សប្បាយ​ចូល​ឆ្នាំ​មិន​ទាន់​ចប់​សព្វគ្រប់​ផង។ យើង​មើល​អ៊ីចឹង​ទៅ​ណាស់ គឺ​គាត់​និយាយ​ខុស​ពី​តថភាព​សង្គម​ហើយ។ គាត់​ទូល​ព្រះ​ករុណា​ចឹង​ក៏​បាន​សេចក្ដី​ថា គាត់​ភូត​ព្រះ​ករុណា​ដែរ បើ​ក្នុង​ជំនាន់​ព្រះ​រាជវង្ស គឺ​ត្រូវ​កាត់​ក​ទាំងអស់​ហ្នឹង តែ​សម័យ​ឥឡូវ​សម័យ​ប្រជាធិបតេយ្យ ហើយ​វា​មិន​អី​ទេ។ ឥឡូវ​វា​រួច​ខ្លួន។ យើង​រង់ចាំ​មើល​ទាំងអស់​គ្នា​ថា ព្រះ​ករុណា​មាន​ព្រះ​តម្រិះ​យ៉ាង​ណា? ប្រសិន​បើ​ព្រះអង្គ​អត់​មាន​បញ្ចេញ​ព្រះរាជ​យោបល់​អី​ទេ គឺ​ពួក​គាត់ (អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ) ហ្នឹង​បរាជ័យ​មួយ​ជំហាន​ទៀត»។