ឆ្លើយតបនឹងក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង ទូលថ្វាយព្រះមហាក្សត្រអំពីស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន ឯកឧត្តម សុខ ឥសាន តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការពិត ពលរដ្ឋគ្រប់ទីកន្លែងកំពុងរស់នៅសុខសាន្ត៖ «គេសប្បាយទូទាំងប្រទេសឆ្នាំនេះ គេសប្បាយលើសឆ្នាំមុនៗទៀត ហើយមូលហេតុអីបាននាំគ្នានិយាយចឹង? ហ្នឹង គឺជាចេតនាទុច្ចរិតមួយបំផុសមហាជនឲ្យភ័យខ្លាច តែមហាជនគេដឹងហើយ គេអីខ្លាចអីគេ បើគេទើបតែសប្បាយចូលឆ្នាំមិនទាន់ចប់សព្វគ្រប់ផង។ យើងមើលអ៊ីចឹងទៅណាស់ គឺគាត់និយាយខុសពីតថភាពសង្គមហើយ។ គាត់ទូលព្រះករុណាចឹងក៏បានសេចក្ដីថា គាត់ភូតព្រះករុណាដែរ បើក្នុងជំនាន់ព្រះរាជវង្ស គឺត្រូវកាត់កទាំងអស់ហ្នឹង តែសម័យឥឡូវសម័យប្រជាធិបតេយ្យ ហើយវាមិនអីទេ។ ឥឡូវវារួចខ្លួន។ យើងរង់ចាំមើលទាំងអស់គ្នាថា ព្រះករុណាមានព្រះតម្រិះយ៉ាងណា? ប្រសិនបើព្រះអង្គអត់មានបញ្ចេញព្រះរាជយោបល់អីទេ គឺពួកគាត់ (អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ) ហ្នឹងបរាជ័យមួយជំហានទៀត»។