គ្រោះធម្មជាតិខ្យល់កន្ត្រាក់ ភ្លៀង និងរន្ទះ បង្កគ្រោះថ្នាក់


Storm 05 05 16 2 copy

     ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់និងរន្ទះ បានបណ្តាលអោយមានប្រជាពលរដ្ឋរងគ្រោះស្លាប់និងរបួស…ចំណែកផ្ទះមួយចំនួនតាមបណ្តាខេត្ត បានទទួលរងការខូចខាត ។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានមានប្រសាសន៍នៅថ្ងៃទី៤ ខែឧសភានេះថា សូមចូលរួមសម្តែងការសោកស្តាយ ជាមួយនឹងប្រជាពលរដ្ឋដែលបានរងគ្រោះ នឹងបាតុភូតធម្មជាតិទាំងឡាយនោះ ។

     នៅក្នុងខេត្តឧត្តរមានជ័យ សេចក្តីរាយការណ៍បានអោយដឹងថា ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់ស្លាប់… មនុស្សច្រើននាក់រងរបួសដោយសារព្យុះភ្លៀង… ផ្ទះចំនួនជាង ៩០ខ្នង បានរងការខូចខាតដោយសារគ្រោះធម្មជាតិដែលបានកើតឡើងនៅរសៀលថ្ងៃទី៣ ខែមេសា កន្លងមកនេះ ។ ស្នងការខេត្តឧត្តរមានជ័យ លោក ម៉ែន លី បានប្រាប់ថា ភ្លៀង និងខ្យល់កន្ត្រាក់ បានកើតក្នុងឃុំអន្លង់វែង… ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង និងនៅក្នុងសង្កាត់ស្បូវ ក្រុងសំរោងខេត្តឧត្តរមានជ័យផងដែរ ។

     សេចក្តីរាយការណ៍បន្តថា ក្មេងប្រុសអាយុ ១៣ឆ្នាំ ឈ្មោះ សឿន ពិសី បានស្លាប់នឹងករណីរន្ទះបាញ់… ផ្ទះប៉ើងដំបូលមាន ៩៦ខ្នង… មនុស្ស ២នាក់ បានរងរបួសដោយសារគ្រោះធម្មជាតិនោះ ។ ដោយឡែកនៅស្រុកចុងកាល់ ក៏មានអគារសិក្សា និងផ្ទះមួយចំនួនបានរងប៉ះពាល់នឹងករណីភ្លៀង និងព្យុះកន្ត្រាក់នេះផងដែរ ។

     សម្តេចក្នុងប្រសាសន៍តាមហ្វេសប៊ុកថ្ងៃនេះ បានចូលរួមសម្តែងការសោកស្តាយ និងបានអំពាវនាវប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិនេះ ។ សម្តេចបានមានប្រសាសន៍ថា បញ្ហាប្រឈម គឺស្ថិតក្នុងកម្រិតខ្ពស់នៅឡើយនាពេលនេះ ។ សម្តេចនៅបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច និងកាកបាទក្រហម ជួយយកចិត្តទុកដាក់ប្រជាពលរដ្ឋដែលកំពុងត្រូវការទឹក… រួមទាំងការជីកនិងស្តារអណ្តូង… ស្រះ ប្រឡាយ និងសង់ជម្រកស្នាក់នៅជូនប្រជាពលរដ្ឋអោយបានទាន់ពេល ។ សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គម Facebook ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយជូនប្រជាពលរដ្ឋដើម្បីឱ្យបានដឹងគ្រប់ៗគ្នា… និងសម្តេចបញ្ជាក់ថាបើត្រូវការជំនួយសង្រោ្គះបន្ទាន់ណាមួយ សូមទាក់ទងកាកបាទក្រហមកម្ពុជា ប្រចាំខេត្តនីមួយៗក្នុងពេលឥឡូវនេះ ។