ឯកឧត្តម សុខ ឥសាន បានបង្ហាញពីឧបសគ្គ នៃដំណើរការ នីតិវិធីចំពោះ សំណុំរឿង លោក កឹម សុខា ដោយបានកត់សម្គាល់ថា


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានបង្ហាញពីឧបសគ្គ នៃដំណើរការ នីតិវិធីចំពោះ សំណុំរឿង លោក កឹម សុខា ដោយបានកត់សម្គាល់ថា ជាច្រើនករណីមកហើយ ដែលរឿងក្តីបាននិងកំពុង ដំណើរការតាម បីតិវិធី ដោយតុលាការ ក៏ប៉ុន្តែត្រូវអូសបន្លាយពេល ដោយសារមានការប្តឹងសារទុក្ខ ទៅតុលាការថ្នាក់លើជាបន្តបន្ទាប់ របស់មេធាវីនៃជនជាប់ចោទ ។

តាមរយៈបណ្តាញទំនាក់ទំនង Telegram នៅព្រឹកថ្ងៃទី២៧ មករា ឆ្នាំ២០១៨នេះ ឯកឧត្តមបានបញ្ជាក់ថា “នៅពេលមាន បណ្តឹង សារទុក្ខ ទៅសាលាឧទ្ធរណ៏ នីតិវិធីត្រូវចំណាយពេលមួយ រយៈជាកំណត់ទម្រាំជំនុំជំរះក្តី រួចចេញសាលដីការ របស់សាលាឧទ្ធរណ៏ ។ បើមាការប្តឹងសារទុក្ខទៅតុលាការ កំពូលទៀត នោះត្រូវចំណាយពេលវេលា មួយរយៈតទៅទៀត ដែលធ្វើឲ្យរឿងក្តីដើមនៅទ្រឹង មិនបានចាត់ការ អូខបន្លាយពេល តទៅទៀត ។ បើសិនជាគ្មានការប្តឹង សុំឲ្យនៅក្រៅឃុំ និងគ្មានការប្តឹងសារទុក្ខ បន្តបន្ទាប់ទេ នោះរឿងក្តីនឹងត្រូវចំណាយ រយៈពេលខ្លីជាង”។

ឯកឧត្តម សុខ ឥសាន បន្តទៀតថា “ដូច្នេះ ការអូសបន្លាយពេលវេលារឿងក្តី មកពីមេធាវីប្តឹងសារទុក្ខច្រើនដង នាំឲ្យតុលាការ ចាត់ការងាកទៅ រឿងក្តីផ្សេងពីសាច់រឿងដើម។ ឥឡូវពាក់ព័ន្ធនឹងរឿងក្តីលោក កឹម សុខា មេធាវីបានទាមទារ ឲ្យតុលាការ កោះហៅតំណាងរដ្ឋាភិបាល សរអា មកសាកសួរ”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានចោទជាសំណួរថា តើតុលាការកម្ពុជាមានសិទ្ធិកោះហៅ គេមកបានប្ញទេ? ពេលដែលកោះហៅហើយ តើរដ្ឋាភិបាល សរអា អនុញ្ញាតឲ្យតំណាងមកឆ្លើយ ចំពោះមុខតុលាការ ខ្មែរដែរប្ញទេ ? នេះជាបញ្ហាចោទ ហើយក៏ជាបញ្ហាត្រូវអូសបន្លាយពេល រឿងក្តីនេះជាមិនខាន៕