ឯកឧត្តម សុខ ឥសាន បានលើកឡើងថា នៅកម្ពុជាគ្មានការធ្វើទុក្ខបុកម្នេញ ចំពោះអតីតបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលមួយចំនួននោះទេ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៦កុម្ភៈនេះ បានលើកឡើងថា នៅកម្ពុជាគ្មានការធ្វើទុក្ខបុកម្នេញ ចំពោះអតីតបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលមួយចំនួននោះទេ ចំពោះអតីតបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលប្រព្រឹតតខុសច្បាប់ ហើយត្រូវមានទោសនោះ គឺជាការធ្វើទុក្ខបុកម្នេញដោយខ្លួនឯង គ្មានអ្នកណាយាយីពួកគាត់ទេ។
ឯកឧត្តម សុខ ឥសាន បានលើកឡើងបែបនេះ ក្រោយពីមានក្រុមប្រឆាំងមួយចំនួន លើកចោទប្រកន់រាជរដ្ឋាភិបាលកម្ពុជាថា បានធ្វើទុក្ខបុកម្នេញ ចំពោះអតីតបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន។
ឯកឧត្តម សុខ ឥសាន បានបកស្រាយ តាមរយៈបណ្ដាញសង្គមតេលេក្រាម ថា មារតីនៃកិច្ចព្រមព្រៀងប៉ារីស បានតម្រង់ទិសឲយកម្ពុជា ដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ ។ ដូច្នេះអតីតបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលបានប្រព្រឹត្តល្មើសច្បាប់  អស់លោកទាំងនោះ ត្រូវប្រឈមចំពោះមុខច្បាប់ ដោយខ្លួនឯង គ្មានអ្នកណាទទួលជំនួសទេ ហើយក៏គ្មានអ្នកណាធ្វើទុក្ខបុកម្នេញខ្លួនដែរ ។ ដូច្នេះការចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា ធ្វើទុក្ខបុកម្នេញអតីតបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួននោះ គឺជាការចោទប្រកាន់ ខុសពីការពិត ទាំងស្រុង “។
ឯកឧត្តម សុខ ឥសានបកស្រាយបន្តថា “កម្ពុជាមានទំនាក់ទំនងការបរទេស ជាមួយបណ្តាប្រទេសលើពិភពលោក ដោយគ្មានរើសអើងឡយ។ អាមេរិក  អូស្រ្តាលី ជាដើមសុទ្ធតែជាមិត្តភក្តិរបស់កម្ពុជា ដោយឈរលើគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីផងគ្នា ព្រមទាំងមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងផងគ្នា ។ ហើយសព្វថ្ងៃ បណ្តាប្រទេសទាំងពីរនេះ នៅតែមានទំនាក់ទំនងការទូតជាមួយកម្ពុជា។ ឯការខ្វែងទស្សនៈគ្នាលើបញ្ហាមួយចំនួន ជារឿងធម្មតា ដែលប្រទេសទាំពីរអនុវត្តនយោបាយប្រជាធិបតេយ្យសេរី បើសិនជាស្អីក៏ឯភាពគ្នារហូតប្រទេសទាំងនេះ នឹងត្រូវគេហៅថា កុំម្មុយនិស្តហើយ”៕