ឯកឧត្តម សុខ ឥសាន បានលើកឡើងថា គ្មានជនណា និងបរទេសណា មានសិទ្ធិនិយាយរិះគន់ ការធ្វើវិសោធនកម្មច្បប់របស់ស្ថាប័ននីតិបញ្ញត្តិ របស់កម្ពុជាទេ


ភ្នំពេញ៖ ក្រោយពីសេចក្ដីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ បានធ្លាក់ទៅដល់ដៃគណៈកម្មការជំនាញរដ្ឋសភា ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា  គ្មានជនណា និងបរទេសណា មានសិទ្ធិនិយាយរិះគន់ ការធ្វើវិសោធនកម្មច្បប់របស់ស្ថាប័ននីតិបញ្ញត្តិ របស់កម្ពុជាទេ រួមទាំងពួកសមាជិកសភាប្រឆាំងអាស៊ាន ផងដែរ។

សូមរំលឹកថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ចំនួន៤ ដែលរាជរដ្ឋាភិបាល បញ្ជូនមកក្រោយគណៈរដ្ឋមន្ត្រី អនុម័តចប់កាលពលថ្មីៗកន្លងមកនេះ ហើយសម្រេចបញ្ជូនទៅគណៈកម្មការ ជំនាញពិនិត្យបន្ត។
ឯកឧត្តម សុខ ឥសាន បានបកស្រាយបន្ថែម តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅថ្ងៃទី៦កុម្ភនេះថា “ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់នានា គឺជារឿងធម្មតា នៅគ្រប់ប្រទេសនៅលើពិភពលោក នៅពេលណាដែលពិនិត្យឃើញថា មានសំណូមពរត្រូវធ្វើ ដើម្បីឲ្យស្របតាមសភាពការណ៍រីកចម្រើន របស់ប្រទេសជាតិ និងដើម្បីបង្កើនប្រសិទ្ធភាព នៃការអនុវត្តច្បាប់” ។

ឯកឧត្តម សុខ​ឥសានបញ្ជាក់បន្ថែមថា “ការមានមតិណាមួយរបស់ សមាជិកសភាប្រឆាំងអាស៊ាននេះ គឺជាការរំលោភធម្មនុញ្ញអាស៊ានដែលហាម មិនឲ្យជរៀតជ្រែកកិច្ចការផ្ទៃក្នុង បណ្តាប្រទេសជាសមាជិកអាស៊ាន ។ មានតែ ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាទេ ដែលមានសមត្ថកិច្ចសន្និដ្ឋាន លើការធ្វើច្បាប់ និងធ្វើវិសោធនកម្មច្បាប់ ស្រប ឬមិនស្របតាមរដ្ឋធម្មនុញ្ញ”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈរដ្ឋមន្រ្តីកម្ពុជា អនុម័តទាំងស្រុង ដោយគ្មានការកែប្រែ លើសេចក្តីព្រាងច្បាប់ ចំនួន៤ ក្នុងនោះមាន៖

១៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
២៖ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។
៣៖ សេចក្តពីព្រាងច្បាប់ ស្តីពី វិសោធនកម្ម មាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ។
៤៖ សេចក្តីព្រាងច្បាប់ ស្តីពី អាជ្ញាបណ្ណបញ្ជា សម្រាប់សុខភាពសាធារណៈ៕