លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធអង្គភាពនគរបាលជាតិវរៈសេនាតូចលេខ ៨២៧ និងអង្គភាពវរៈសេនាតូចលេខ ២៦៩ ឈរជើងនៅភូមិសាស្រ្ដខេត្ដកោះកុង


ខេត្តកោះកុង៖ លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធអង្គភាពនគរបាលជាតិវរៈសេនាតូចលេខ ៨២៧ និងអង្គភាពវរៈសេនាតូចលេខ ២៦៩ ឈរជើងនៅភូមិសាស្រ្ដខេត្ដកោះកុង ដែលជាខេត្ដនៅជាប់នឹងព្រំប្រទល់ប្រទេសថៃ ទាំងព្រំដែនទឹក និងព្រំដែនគោក។
នាឱកាសនោះផងដែរលោកជំទាវក៏បានមានប្រសាសន៍ថា ៖ ដោយអនុវត្ដតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ១៤ សសរ ចុះថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១០ ស្ដីពីការកែសម្រួល និងការរៀបចំការចងសម្ព័ន្ធមេត្រីភាពរវាងកងទ័ព កងនគរបាលជាតិជាមួយស្ថាប័ន អង្គភាពស៊ីវិល ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប និងក្រុមហ៊ុនគូហ៊ូឡុង ត្រូវបានចាត់តាំងឲ្យចងសម្ព័ន្ធមេត្រីភាពជាមួយវរៈសេនាតូចលេខ៨២៧ និងវរៈសេនាតូចលេខ ២៦៩ ក្នុងគោលបំណងជួយលើកកម្ពស់ជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធយើង ឲ្យបានប្រសើរឡើងមួយកម្រិតទៀត ក៏ដូចផ្សាភ្ជាប់សមរភូមិមុខ និងសមរភូមិក្រោយ ឲ្យមានទំនាក់ទំនងជិតស្និតជាមួយគ្នា រួមចំណែកការពារជាតិមាតុភូមិ។ សូមរំឮកផងដែរថា នេះជាការចុះសួរសុខទុក្ខលើកទី៩ ដែលក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប និងក្រុមហ៊ុនគូហ៊ូឡុង ។ ប្រទេសកម្ពុជាបានកសាងប្រទេសពីបាតដៃទទេ ដោយខិតខំស្តារ និងកសាងឡើងវិញជាបណ្តើរៗនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ និងវត្តអារាម ។ល។ រហូតទទួលបាននូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចដែលយើងទាំងអស់គ្នាបានឃើញសព្វថ្ងៃ ក្រោមការអនុវតនូវគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅដើមឆ្នាំ ១៩៩៩ បានអនុវត្តដោយជោគជ័យ នូវដំណើរការសមាហរណកម្ម អតីតតំបន់ត្រួតត្រាដោយខ្មែរក្រហម ចូលក្នុងសង្គមជាតិ និងធ្វើសន្តិភាវូបនីយកម្ម ប្រទេសជាតិទាំងមូល លើមូលដ្ឋានបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង។
លោកជំទាវក៏បានធ្វើការផ្តាំផ្ញើរជូនបណ្តានាយនគរបាល នាយនគរបាលរង និងពលនគរបាល នៃអង្គភាពទាំងពីរ ៖
១-សូមពង្រឹងស្មារតីជឿរជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការពារសមិទ្ធផលនានា ដែលកើតចេញពីការបោះឆ្នោតសកល ជាពិសេស ត្រូវការពាររដ្ឋធម្មនុញ្ញ  មិនឲ្យពួកអមិត្ត  និងប្រឆាំងមានឱកាសផ្តួលរំលំរាជរដ្ឋាភិបាលតាមមធ្យោបាយណាមួយបានជាដាច់ខាត។
២-ត្រូវបន្តប្រពៃណីតស៊ូ និងស្មារតីស្នេហាជាតិមាតុភូមិ ហ៊ានធ្វើពលីកម្ម និងលះបង់អ្វីៗទាំងអស់ ដើម្បីបុព្វហហេតុជាតិ មាតុភូមិ និងប្រជាជន និងចេះរួមសាមគ្គីគ្នា និងស្រឡាញ់រាប់អានគ្នា ជាធ្លុងមួយ។
៣-ត្រូវការពារបូរណភាពទឹកដីឲ្យបានដាច់ខាត មិនឲ្យខ្មាំងសត្រូវឈ្លាន ពានទឹកដីបានសូម្បីតែមួយចំអាម តែមិនត្រូវឈ្លានពានប្រទេសជិតខាងឡើយ និងត្រូវបង្កើនស្មារតីសាមគ្គីភាពក្នុងនាមជាប្រទេសជិតខាងល្អ។
៤-សូមខិតខំបង្កើនសមត្ថភាពការងារជំនាញ តាមរយៈហ្វឹកហាត់ ជាប្រចាំ និងប្រកាន់ខ្ជាប់នូវវិន័យរបស់កងទ័ព រក្សាសីលធម៌ ស្អាតស្អំ និងកិត្តិយសថ្លៃថ្នូ សក្តិសមជាកងទ័ពជាតិ បំរើប្រជាជន។
៥-សូមយកចិត្តទុកដាក់ ចូលរួមយ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជា និងអាជ្ញាធរមានសមត្តិ កិច្ចពាក់ព័ន្ធទាំងអស់ ជួយប្រជាជន ក្នុងយុទ្ធនាការផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត់ទឹកស្អាត់ប្រើប្រាស់ ដោយឆ្នាំ២០១៦នេះជាឆ្នាំនៃគ្រោះរាំងស្ងួត។
៦-ត្រូវថែរក្សាសុខភាពឲ្យបានល្អ ព្រោះសុខភាព គឺជាប្រភពថាមពល ដ៏ស័ក្ដិសិទ្ធ។
៧-ត្រូវត្រៀមខ្លួនប្រយុទ្ធជានិច្ច ដោយត្រៀមគ្រប់យុទ្ធោបករណ៍សឹក និងហ្វឹកហាត់កាយសម្បទាឲ្យមានសុខភាពរឹងមាំ ដើម្បីគាំទ្រដល់ការប្រយុទ្ធឲ្យបានស័ក្ដិសិទ្ធ និងដើម្បីការពារបូរណភាពដែនដី។
៨-ត្រូវចេះចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំដើម្បីលើកកំពស់ ជីវភាពរស់នៅ ឲ្យកាន់តែល្អប្រសើរ និងចេះថែទាំសម្អាតអនាម័យក្នុងទីធ្លា និងការិយាល័យ នៃមូលដ្ឋានអង្គភាព។
ជាទីបញ្ចប់លោកជំទាវក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប ក្រុមហ៊ុនគូហ៊ូឡុង បណ្ដាសម្បុរសជន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្រ្ដីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចដែលបានចូលរួមបរិច្ចាកធនធានមានទាំងសម្ភារៈ និងថវិកា ដើម្បីរួមចំណែកជួយគាំទ្រ និងលើកទឹកចិត្ដដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងប្រចាំការក្នុងភារកិច្ច ដ៏ឧត្តមការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហានក្នុងភូមិសាស្រ្ដខេត្ដកោះកុងនេះ ឲ្យកាន់តែមានកម្លាំងចិត្ត និងភាពកក់ក្ដៅថែមទៀត។

Men Sam An 19-5-2016 (12)

Men Sam An 19-5-2016 (6)

Men Sam An 19-5-2016 (3)

Men Sam An 19-5-2016 (13)

Men Sam An 19-5-2016 (8)

Men Sam An 19-5-2016 (2)

Men Sam An 19-5-2016 (7)

Men Sam An 19-5-2016 (9)

Men Sam An 19-5-2016 (10)

Men Sam An 19-5-2016 (11)