លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


នារសៀល ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៧ និងលើកទិសដៅការ​ងារសម្រាប់ អនុវត្តបន្តឆ្នាំ២០១៨ នៅសាលសន្និសិទ្ធចតុមុខ រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបាន មានប្រសាសន៍ថា រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននឹងកំពុង​យកចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះវិស័យវប្បធម៌ និងមានការគិតគូរ​យ៉ាងច្បាស់​លាស់ក្នុង​ការការពារ អភិរក្ស និង​​អភិវឌ្ឍ​​បេតិកភណ្ឌវប្បធម៌ជាតិប្រកប​ដោយចីរភាព ដោយឈរលើ​គោលការណ៍«អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍលើមូលដ្ឋានអភិរក្ស» សំដៅទាញយកប្រយោជន៍សមស្របសម្រាប់​ការអភិវឌ្ឍ​ប្រទេស​ជាតិ និងផ្ទេរមរតក​ដ៏មានតម្លៃនេះដល់យុវជនជំនាន់ក្រោយៗទៀត។ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នៅក្នុងវិស័យបេតិកភណ្ឌវប្បធម៌ ​បានស្តែងចេញតាមរយៈកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់ និងការដាក់ចេញនូវគោលនយោបាយផ្សេងៗ ដោយទទួលបាន សមិទ្ធផលយ៉ាងច្រើនជាបន្តបន្ទាប់នាពេលកន្លងមក និងបានប្រែក្លាយកម្ពុជាដែល​​គេធ្លាប់​ស្គាល់ថាជាវាលពិឃាតមកជា ព្រះរាជាណាចក្រ នៃវប្បធម៌ ជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោក និងធ្លាប់ទទួលបានជោគជ័យ ជាច្រើនលើករួចមកហើយក្នុងការស្នើសុំដាក់បញ្ចូលបេតិ​ក​ភណ្ឌវប្បធម៌ជាតិទាំងរូបី និងអរូបីទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោករបស់អង្គការយូណេស្កូមានដូចជា ៖ រមណីយដ្ឋានអង្គរ របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ល្ខោនស្រមោលស្បែកធំ ប្រាសាទព្រះវិហារ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង និងថ្មីៗនេះតំបន់ប្រាសាទសំបូរព្រៃគុក ។

លោកជំទាវក៏បានថ្លែងដោយអំពាវនាវដល់ប្រជាពលរដ្ឋ និងវិស័យឯកជនថា កុំឲ្យវិស័យទេសចរណ៍ បំពានលើវប្បធម៌ ផ្ទុយទៅវិញត្រូវយកវប្បធម៌ ដើម្បីពង្រីកវិស័យទេសចរណ៍ ទើបធ្វើឲ្យវិស័យទេសចរណ៍មាននិរន្តរភាព «ធានា​យ៉ាងណា ​កុំឲ្យវិស័យទេសចរណ៍បំពាន ទៅលើវប្បធម៌ ចំណុចនេះដែលយើងតែងតែរំលឹកដាស់តឿនថា បេតិកភណ្ឌពិភពលោក ដូចជាប្រាសាទអង្គរ ប្រាសាទ​ ព្រះវិហារ និងសំបូរព្រៃគុក មិនត្រូវបានបំពាន ណាមួយនោះទេ»។ ជាពិសេស តាមរយៈទេសចរណ៍បេតិកភណ្ឌ​និង​វប្បធម៌ដែលជា​វិស័យ​កំពុងមានសន្ទុះយ៉ាង​ខ្លាំងក្លាដោយបាននាំមកនូវចំណូលរាប់ពាន់លាន​ដុល្លារទៅក្នុង​ចរន្ត​​សេដ្ឋកិច្ច​​ជាតិ។