ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន តាមរយៈបណ្តាញ ទំនាក់ទំនង Telegram នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨នេះ បានចោទជាសំណួរថា បក្សប្រកាន់គោលការណ៍ ប្រជាធិបតេយ្យសេរី ទាស់គ្នាជារឿងធម្មតា?
ជាមួយគ្នានោះ ឯកឧត្តម សុខ ឥសាន បានពន្យល់បកស្រាយថា “ជាការកត់សម្គាល់ អតីតៈបក្សប្រឆាំង តាំងពីកកើតមក តែងជះបប្រទះ នូវការប្រេះស្រាំ និងការបែកបាក់ជាបន្តបន្ទាប់ មិនដាច់ រយៈឡើយ ។ ទោះបី បានត្រូវរលំរលាយទៅហើយក្តី ដោយសារទង្វើ ប្រព្រឹត្តល្មើសច្បាប់របស់ខ្លួន និងមន្ត្រីជាក្បាលម៉ាស៊ីន ដឹកនាំរបស់ខ្លួន ហើយរត់ចោលស្រុក ទៅនៅឯបរទេសយ៉ាងណា ក៏ការបែកបាក់គ្នា នៅក្នុងរវ្វង់គ្នាឯង តែងតែកើតមានជាប្រចាំ” ។
ឯកឧត្តម សុខ ឥសាន បាមបញ្ជាក់ថា “ប៉ុន្តែ ដើម្បីលុបលាងភាពទន់ខ្សោយ និងអាម៉ាស់របស់ខ្លួន ពួកប្រឆាំងបែរជាពោលពាក្យ យកល្អមើលថា នៅក្នុងបក្សដែលប្រកាន់ គោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី តែងតែកើតមាន ការខ្វែងគំនិតគ្នាអញ្ចឹងហើយ ជារឿងធម្មតា ។
បើតាមអ្នកនាំពាក្យ បក្សកាន់អំណាច “សម្រាប់គណបក្សប្រជាជនកម្ពុជា បញ្ហានេះ មិនមែនជារឿងធម្មតាទាល់តែសោះ ស្របតាមពាក្យចាស់បុរាណថា សាមគ្គី គឺរស់ បែកបាក់សាមគ្គី គឺស្លាប់ ។ ឥឡូវ យើងឃើញផ្ទាល់ភ្នែកហើយ ដោយសារការបែកបាក់ ឥតឈប់របស់អតីតៈបក្សប្រឆាំង នេះហើយបានជាអតីតៈបក្សប្រឆាំង ត្រូវរលំរលាយទាំងស្រុងនេះឯង ដូចបានឃើញនឹងភ្នែកស្រាប់” ៕