ប្រតិភូសមាគមនារីខេត្តពោធិ៍សាត់ចុះសួរសុខទុក្ខនារីរងគ្រោះមកពីប្រទេសម៉ាឡេស៊ី


ពោធិ៍សាត់ ៖ ប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ សាខាខេត្តពោធិ៍សាត់ មួយក្រុមដឹកនាំដោយលោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភាមណ្ឌលពោធិ៍សាត់ និង ជាសមាជិកាប្រតិបត្តិ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស លោកស្រី ជុក សុផានី អភិបាលរងខេត្ត អនុប្រធានកិត្តិយស និងលោកស្រីជាសមាជិកា ជាច្រើនរូបទៀត បានចុះសួរសុខទុក្ខ និង នាំយកអំណោយជូនដល់នារីរងគ្រោះចាញ់បោកមេខ្យល់មកពីប្រទេសម៉ាឡេស៊ី នៅភូមិអំពិលកញ្ច្រិញ ឃុំកោះជុំ ស្រុកកណ្តៀង ដល់លំនៅដ្ឋាន នារសៀលថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៦ ។
តាមការឲ្យដឹងរបស់នារីរងគ្រោះចាញ់បោកមេខ្យល់ឈ្មោះ កាយ ដានី អាយុ២១ឆ្នាំ រស់នៅភូមិអំពិលកញ្ច្រិញ ឃុំកោះជុំ ស្រុកកណ្តៀង ម្តាយជាស្ត្រីម៉េម៉ាយឈ្មោះ កាយ ធីម អាយុ៥៩ឆ្នាំ មានកូន៥នាក់ប្រុស៣នាក់ ស្រី២នាក់ បានរៀបរាប់ថា តាមរយៈមេខ្យល់ត្រូវជាបងប្អូនជីដូនមួយឈ្មោះ ញឿន បបួលទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី នាឆ្នាំ ២០១១ កាលណោះមានអាយុទើបតែ១៦ឆ្នាំ ។ ក្នុងអំឡុងធ្វើការងារផ្ទះ៥ឆ្នាំនៅទីនោះ ម្ចាស់ផ្ទះបានធ្វើល្អតែមួយឆ្នាំដំបូងលុះក្រោយៗមក បង្ខំឲ្យធ្វើការងារគ្មានពេលសម្រាកហួសពីកម្លាំង បើកប្រាក់ខែមិនទៀងទាត់ ហូបចុកមិនសមរម្យបែងចែកវណ្ណៈធ្វើបាបផ្លូវចិត្តគ្រប់បែបយ៉ាង ។ ដោយទ្រាំរស់នៅមិនបាន ទើបសម្រេចចិត្តរត់ចេញពីផ្ទះទៅកាន់ស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ីនាថ្ងៃទី១៥ខែឧសភា រួចស្ថានទូតមកប្រទេសកម្ពុជាវិញនៅថ្ងៃទី២៩ខែឧសភានិងមកដល់ផ្ទះ នាថ្ងៃទី៣១ ខែឧសភាឆ្នាំ២០១៦។ នារី កាយ ដានី បានលើកដៃទាំងពីសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ជា ពិសេសនារី ត្រូវប្រុងប្រយត្ន័កុំចាញ់បោកជនខិលខូចព្រោះថាទៅធ្វើការនៅទីនោះជួបបញ្ហាប្រឈមគ្រោះថ្នាក់ច្រើន ណាស់ ត្រូវរកការងារនៅក្នុងស្រុកទើបល្អប្រសើរជួបជុំក្រុមគ្រួសារបងប្អូន ។ពេលនេះនារី កាយ ដានី មានគោលបំណងចង់ធ្វើការងារជាអ្នកបកប្រែភាសាចិន។
លោកស្រី ឯម ប៉ុណ្ណា ក៏ដូចប្រតិភូ បានសម្តែងនូវក្តីអាណិត អាសូចំពោះ នារីកាយ ដានី ដែលមានវាសនា បានមកដល់ប្រទេសនិងផ្ទះ ជួបជុំក្រុមគ្រួសាររបស់ខ្លួន រួចផុតពីទុក្ខភ័យនិងត្រូវបានក្រុមការងារចុះមកសួរសុខទុក្ខដល់លំនៅដ្ឋានភ្លាមៗផងដែរ។ លោកស្រីមានប្រសាសន៍ទៀតថា កន្លងមកមានបងប្អូននារីយើង ជាច្រើនតែងតែចាញ់បោកមេខ្យល់បបួលទៅធ្វើការក្រៅប្រទេសដោយប្រថុយ ប្រថានរងនឹងគ្រោះថ្នាក់គ្រប់បែបយ៉ាង ហើយនៅពេលបានត្រឡប់មកប្រទេសវិញមួយចំនួន មានភាពមិនប្រក្រតី នេះដោយសារការបង្ខិតបង្ខំឲ្យធ្វើការងារហួសពីកម្លាំងនិងធ្វើទារុណកម្ម បណ្តាលឲ្យបាត់បង់ស្មារតីចងចាំ ។ ក្នុងនាមក្រុមប្រតិភូ លោកស្រី ឯម ប៉ុណ្ណា បានអំពានាវទៅដល់អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ ពិសេសក្មួយៗជានារី ត្រូវចូលរួមធ្វើការផ្សព្វផ្សាយនិងបង្កើនការប្រុងប្រយ័ត្នចំពោះជនខិលខួចមួយចំនួនតែងតែមានល្បិច អូសទាញតាមរយៈសម្ភារៈ លុយកាក់ ធ្វើឲ្យប្រជាពលរដ្ឋយើងលង់ខ្លួនចាញ់បោកធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ដូចនារី កាយ ដានី គឺជាសក្ខីភាពស្រាប់ ។ ក្នុងខណៈនោះប្រតិភូបានជួយឧបត្ថម្ភថវិកា២០ម៉ឺនរៀល ជាអំណោយរបស់សមាគមនារី សាខាខេត្តនិងអង្ករ២៥គីឡូក្រាម និងសម្ភារមួយចំនួនទៀត ជាអំណោយរបស់គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងការជួញដូរ។ ដោយឡែកលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ក៏បានចែកជូនសារុងម្នាក់មួយដល់អ្នកភូមិប្រមាណជិត៣០នាក់ផងដែរ ៕

Porsat 3-6-2016 (8)

Porsat 3-6-2016 (3)

Porsat 3-6-2016 (7)

Porsat 3-6-2016 (4)

Porsat 3-6-2016 (2)

Porsat 3-6-2016 (5)