ឯកឧត្តម ផៃ ស៊ីផាន៖ គម្រោងទូលថ្វាយព្រះមហាក្សត្រ ដើម្បីរាយការណ៍ពីស្ថានភាពនយោបាយរបស់ គណបក្សសង្រ្គោះជាតិ រំលោភច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា


ឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី មានគម្រោងចូលគាល់ព្រះមហាក្សត្រ ដើម្បីទូលថ្វាយព័ត៌មានព្រះអង្គអំពីស្ថានភាពនយោបាយ របស់គណបក្សសង្រ្គោះជាតិ គឺជាការរំលោភច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ឯកឧត្តម ផៃ ស៊ីផាន បានមានប្រសាសន៍ថា សកម្មភាពរបស់គណបក្សសង្រ្គោះជាតិ កំពុងតែប្រឆាំងរដ្ឋធម្មនុញ្ញ ដែលអូសទាញព្រះមហាក្សត្រចូលទៅក្នុង ល្បិចកលនយោបាយរបស់       ខ្លួន។ ឯកឧត្តមបន្តថា រដ្ឋធម្មនុញ្ញបានចែងច្បាស់ណាស់ មានតែនាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីប៉ុណ្ណោះ ដែលមានសិទ្ធិរាយការណ៍ អំពីស្ថានភាពនយោបាយថ្វាយព្រះមហាក្សត្រ។
ឯកឧត្តម ផៃ ស៊ីផាន បានមានប្រសាសន៍សង្កត់ធ្ងន់ថា អ្វីដែលគណបក្សសង្គ្រោះជាតិមានគម្រោង ចូលបង្គំទូលថ្វាយព្រះករុណា ពីស្ថានភាពនយោបាយ គឺជាសកម្មភាពប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ដោយសារមូលហេតុ, ទី១៖ រដ្ឋធម្មនុញ្ញបានចែងច្បាស់ថា ព្រះមហាក្សត្រមិនមែន ជាអ្នកនយោបាយទេ មិនមែនជាចៅក្រម ជាវីរជនជាតិ តាមរដ្ឋធម្មនុញ្ញ ព្រះអង្គមានសិទ្ធិត្រឹមតែទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភា តាមរយៈព្រះរាជសារ ដូច្នេះការធ្វើបែបនេះ គឺរំលោភលើរដ្ឋធម្មនុញ្ញ ដែលនាំឱ្យព្រះមហាក្សត្រធ្លាក់ក្នុងល្បិចនយោបាយរបស់ពួកគេ។ ទី២៖ មានតែនាយករដ្ឋមន្រ្តី ឬគណៈរដ្ឋមន្រ្តីប៉ុណ្ណោះ ដែលមានសិទ្ធិចូលគាល់រាយការណ៍ ទូលថ្វាយដល់ព្រះមហាក្សត្រ ពីស្ថានភាពនយោបាយជាក់ស្ដែងក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំណែកឯការដាក់ញ្ញត្តិ ទូលថ្វាយ ព្រះអង្គផ្ទាល់ពីស្ថានភាពនយោបាយនេះ មិនត្រឹមត្រូវជាផ្លូវការឡើយ ព្រោះវាជាទិសដៅនយោបាយប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ដែលនាំឱ្យព្រះមហាក្សត្រ ធ្លាក់ក្នុងកលល្បិចរបស់គណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ។
បើតាមមាត្រា២០ នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងថា ព្រះមហាក្សត្រ ទ្រង់ទទួលសវនាការជាផ្លូវការ២ដងក្នុងមួយខែ ឱ្យនាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីចូលគាល់ រាយការណ៍ទូលថ្វាយទ្រង់ជ្រាបអំពីសភាពការណ៍នៃប្រទេសជាតិ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្ស សង្រ្គោះជាតិ បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការដាក់លិខិតថ្វាយព្រះមហាក្សត្រ ដើម្បីសុំចូលគាត់បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦។