មន្ត្រីជាន់ខ្ពស់រាជបណ្ឌិតសភាពកម្ពុជា បង្ហាញពិភពលោកថា កម្ពុជាមានសុខសន្តិភាពពេញលេញ ពោរពេញដោយស្នាមញញឹម នេះជាការរស់ឡើងវិញរបស់កម្ពុជាក្រោយឆ្លងកាត់សង្គ្រាមរាប់ទសវត្ស

31162

នៅរសៀលថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ លោកស្រី យូ សុភា អភិបាលរងខេត្ត បានអញ្ជើញចូលរួមបិទពិធីចម្លាក់ឈើ នៅសណ្ឋាគារអង្គរសេនជូរី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ថា៖កម្ពុជានាពេលបច្ចប្បន្ន ពោរពេញដោយស្នាមញញឹម សន្តិភាពនិងការរស់ឡើងវិញរបស់កម្ពុជា ពីព្រោះថា កាលពី៣៥ឆ្នាំមុន នៅកម្ពុជា ពោរពេញទៅដោយសង្គ្រាម និងជាសមរភូមិប្រយុទ្ធ ផ្ទុយទៅវិញនៅពេលនេះ កម្ពុជា ជាពិសេសខេត្តសៀមរាប បានក្លាយទៅជាកន្លែងជួបជុំគ្នាគ្រប់ជាតិសាសន៍ បង្ហាញនូវវប្បធម៌សន្តិភាព និងក្លាយទៅជាកន្លែងសន្តិភាព មិត្តភាពធ្វើឱ្យពិភពលោកក្លាយទៅជាពិភពលោកយើងទាំងអស់គ្នា ស្នាមញញឹមរបស់កម្ពុជានៅពេលនេះមិនមែនស្នាមញញឹមនៅលើផ្ទាំងថ្មទៀតទេ គឺញញឹមដោយសុខសន្តិភាពនិងញញឹមដោយក្តីស្រឡាញ់ ។

ក្នុងនាមប្រធានរាជបណ្ឌិតសភាកម្ពុជា និងក្នុងនាមតំណាងឲ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានថ្លែងអំណរគុណ ដល់ក្រុមការងារជាងឈើ ជាងចម្លាក់ តន្រ្តីករ សិល្បករ សិល្បការិនីជាតិ អន្តរជាតិ ទាំង១០០ប្រទេស ដែលបានចូលរួមបង្ហាញនូវទឹកដៃដ៍មានប្រសិទ្ធភាពដែលទឹកដៃទាំងអស់នេះបានផ្ញើរជូនទៅដល់ប្រជាជននៅលើពិភពលោកថា កម្ពុជា ពិតជាមានសន្តិភាព បើគ្មានសន្តិភាពទេ មិនអាចមកជួបជុំគ្នានៅកម្ពុជាបាននោះទេ ។

ឯកឧត្តម បានថ្លែងអំណរគុណដល់អង្គការសង្គមវប្បធម៌ឈើអន្តរជាតិ ដែលហៅកាត់ថា ( IWCS ) អង្គការសហព័ន្ធអន្តរជាតិនៃការស្រាវជ្រាវផ្នែករុក្ខកម្ម ( IUFOR ) និងមូលនិធិទិវាចម្លាក់ឈើពិភពលោក ( WWDF ) ដែលបានជួយឲ្យការបង្ហាញនូវស្នាដៃដ៏វិចិត្ររបស់ខ្លួនស្តីការប្រើប្រាស់ចម្លាក់លើឈើបានទទួលលទ្ឋផលល្អនិងជោគជ័យ ។

ឯកឧត្តម សុខ ទូច មានប្រសាសន៍បន្ថែមថាអ្នកនយោបាយអាចបង្កើតព្រំដែននយោបាយបានប៉ុន្តែ សិល្បៈ វប្បធម៌និងចម្លាក់គឺគ្មានព្រំដែនទេ។តាមការសង្កេតនៅលើចម្លាក់ជាច្រើនអស់រយៈពេលពេញមួយថ្ងៃ ឯកឧត្តម យល់ឃើញថា៖គ្រប់ចម្លាក់ទាំងអស់ បានផ្តោតនិងបង្កប់នូវទស្សនវិជ្ជាបី គឺជីវិត ធម្មជាតិ និងការបន្តវេន ។ ក្នុងនោះឯកឧត្តក៏បានលើកនូវទស្សនៈល្អៗ ទៅ នឹងទូរទស្សន៍ពណ៌ ដូច្នេះហើយទូរទស្សន៍ពណ៌នេះ បានបង្កើតគំនិតតែមួយ គឺរក្សានូវធម្មជាតិ ព្រៃឈើសម្រាប់យើង ទាំងអស់គ្នា ។

ជីវិតមនុស្សពេលដែលស្លាប់គេនាំគ្នាភ័យនិងខ្លាច តែបើដើមឈើបើស្លាប់វិញគេអាចយកវាមកច្នៃជាគ្រឿងសង្ហារឹម និងសម្ភារៈប្រើប្រាស់ផ្សេងៗ តាមរយៈភាពប៉ិនប្រសព្វនៃជាងចម្លាក់ មានន័យថា ឈើនិងព្រៃឈើគឺជាជិវិតរបស់មនុស្សនៅលើភពផែនដី គ្មានឈើគឺគ្មានជីវិត ហេតុនេះយើងត្រូវនាំគ្នាស្រឡាញ់ និង ថែរក្សាព្រៃឈើ អភិរក្ស និង ដាំឈើឡើងវិញ សម្រាប់យុវជនជំនាន់ក្រោយផងដែរ ៕

 31164

 31163

 31161

 31160

 31157

 31159

 31158