រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានបញ្ចប់ដំណើរទស្សនកិច្ច ២ថ្ងៃ ក្នុងប្រទេសថៃ ដោយបានជួបជជែកជាមួយនឹងនាយករដ្ឋមន្ត្រីថៃ ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរផងដែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រវាងពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា គឺតបតាមការអញ្ជើញរបស់ ឯកឧត្តម ដន ប្រាម៉ាត់វិណៃ រដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃ ។ ឯកឧត្តម ប្រាក់ សុខុន នៅថ្ងៃទី២០ មិថុនា បានជួបសំដែងការគួរសមចំពោះ ឯកឧត្តម ប្រាយុទ្ធ ចន្ទអូឆា នាយករដ្ឋមន្ត្រីថៃ នៅវិមានរដ្ឋាភិបាល និងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ដន ប្រាម៉ាត់វិណៃ នៅទីស្តីការក្រសួងការបរទេសថៃផងដែរ ។
ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នា ជំរុញការតភ្ជាប់រវាងប្រទេសកម្ពុជា និងថៃ តាមផ្លូវគោក… ផ្លូវដែក… ផ្លូវអាកាស និងផ្លូវសមុទ្រ ។ ក្នុងនោះ តាមផ្លូវគោក គឺជំរុញការបើកច្រកអន្តរជាតិស្ទឹងបទ-ណងអៀត… លើកកំរិតច្រកត្រួតពិនិត្យ ៤កន្លែង ឱ្យទៅជាច្រកអន្តរជាតិ គឺច្រកអានសេះ… ច្រកភ្នំដី… ច្រកថ្មដា និងច្រកជប់គគី… និងជំរុញដំណើរការត្រួតពិនិត្យទីតាំងច្រកអូរនាង-បានប៉ារាយ ដើម្បីបោសសំអាតមីន និងត្រៀមរៀបចំបើក បន្ទាប់ពីការបើកច្រកស្ទឹងបទ ។
ក្នុងកិច្ចពិភាក្សាលើបញ្ហាផ្លូវដែក ភាគីទាំងពីរបានសន្យាខិតខំធ្វើយ៉ាងណា ដើម្បីដំណើរការដឹកជញ្ជូនពីបាងកក មកភ្នំពេញនៅចុងឆ្នាំ ២០១៦ ។ តាមផ្លូវសមុទ្រនោះវិញ ភាគីទាំងពីរ បានជំរុញគំរោងតភ្ជាប់ឆ្នេរសមុទ្រថៃ កម្ពុជា វៀតណាម ដើម្បីដំណើរការដឹកជញ្ជូនទេសចរណ៍ និងទំនិញ ភ្ជាប់ប្រទេសទាំងបីអោយបានឆាប់ ។ ភាគីទាំងពីរ ក៏បានរំលឹកពីការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ក្នុងការបង្កើនបីដង នូវទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្ម ឱ្យកើនដល់ ១៥ប៊ីលាន នៅឆ្នាំ ២០២០ ។ ដើម្បីសម្រេចគោលដៅនេះ ភាគីទាំងពីរបានឯកភាពគ្នា ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មតាមតំបន់ព្រំដែន បង្កើនចំនួនរថយន្តដឹកទំនិញឆ្លងព្រំដែន តម្រូវបែបបទសម្រាប់ទំនិញឆ្លងកាត់ ឱ្យស្របតាមច្បាប់ និងនីតិវិធីនាំចេញ និងផ្លាស់ប្តូរបទពិសោធន៍ នៃសហប្រតិបត្តិការរវាងរដ្ឋ និងប្រជាជន ។
ដោយឡែកភាគីទាំងពីរ ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការ ប្រឆាំងបទល្មើសនានាតាមតំបន់ព្រំដែន ដែលរួមមានការកាប់ឈើដោយខុសច្បាប់ ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងដែរ ។ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ វប្បធម៌ ថាមពល អប់រំ សុខាភិបាល និងកសិកម្ម ។ ភាគីទាំងពីរ បានឯកភាពគ្នាបង្កើតខ្សែទូរស័ព្ទទាក់ទងបន្ទាន់ (Hotline) រវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ៗនានា ហើយបានឯកភាពគ្នាយ៉ាងជិតស្និត ក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា ថៃលើកទី១០ ក្នុងខែសីហា ឆ្នាំ២០១៦ នៅប្រទេសថៃ ដើម្បីសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ។