ឯកឧត្តម សុខ ឥសាន ទោះបីជាគ្មានវត្តមាន មន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួន ចុះឈ្មោះសង្កេតការណ៍ បោះឆ្នោត (គ.ជ.ប) នៅតែរៀបចំដំណើរការ បោះឆ្នោតទៅតាម ពេលវេលាកំណត់ គ្មានការកែប្រែនោះឡើយ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្សកាន់អំណាច នៅថ្ងៃទី៤ ខែមេសានេះបានលើកឡើងថា ទោះបីជាគ្មានវត្តមាន មន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួន ចុះឈ្មោះសង្កេតការណ៍ បោះឆ្នោត គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅតែរៀបចំដំណើរការ បោះឆ្នោតទៅតាម ពេលវេលាកំណត់ គ្មានការកែប្រែនោះឡើយ។

ឯកឧត្តមបានលើកឡើងបែបនេះ ក្រោយពីអង្គការសង្គមស៊ីវិលមួយចំនួន មិនទាន់បានត្រៀមលក្ខណៈ ចុះឈ្មោះសង្កេតការណ៍ បោះឆ្នោតនៅឡើយ ដោយរង់ចាំមើល សភាពការណ៍នយោបាយ ក្រែងមានការប្រែប្រួល ដូចពួកគេចង់បាន គឺការចរចារវាង គណបក្សកាន់អំណាច និងអតីតបក្សប្រឆាំង ក្រែងលោមានឱកាស បានរស់ឡើងវិញ ចូលរួមការបោះឆ្នោត។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់តាមរយៈ បណ្ដាញទំនាក់ទំនង សង្គមតេឡេក្រាមថា” ប៉ុន្តែការរង់ចាំរបស់ពួកគេ មិនអាចសម្រេចបាន ផលនោះទេ ប្រៀបបាននឹងការកាប់បំពង់ រង់ចាំទឹកភ្លៀងដូច្នោះដែរ ដែលមិនអាចរំពឹងថា នឹងមានភ្លៀងធ្លាក់ មកនោះទេ។ ដូច្នេះទោះមាន់មិនរងាវ ក៏ថ្ងៃរះដែរ “។

គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានធ្វើការអំពាវនាវ ដល់សមាជិក នៃសមាគមនិងអង្គការ មិនមែនរដ្ឋាភិបាល ក្នុងស្រុកទាំងអស់ ឲ្យទៅចុះឈ្មោះ សង្កេតការណ៍ ដើម្បីចូលរួមសង្កេតការណ៍ បោះឆ្នោតជ្រើសតាំង សមាជិករដ្ឋសភា នីតិកាល ទី៦ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ថា លក្ខខណ្ឌ នៃការចុះឈ្មោះបោះឆ្នោត គឺត្រូវមានសញ្ជាតិខ្មែរ ឬជនបរទេស ដែលជាសមាជិក នៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក ដែលត្រូវបានទទួលស្គាល់ និងអនុញ្ញាតដោយ គ.ជ.ប ផ្ទាល់ទើបអាចមានសិទ្ធិ ចុះឈ្មោះសង្កេតការណ៍បាន។ បេក្ខជនឈរ ឈ្មោះ បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវ អនុញ្ញាតឲ្យធ្វើជា អ្នកសង្កេតការណ៍ ដើម្បីសង្កេតមើល ដំណើរការបោះឆ្នោត និងរាប់ សន្លឹកឆ្នោតនោះទេ ។ អ្នកសង្កេតការណ៍ជាតិ ត្រូវផ្ដល់របាយការណ៍ ជាលាយលក្ខណ៍ អក្សរស្ដីពីការសង្កេត ឃើញនិងសេចក្ដីសន្និដ្ឋានរបស់ខ្លួន នៅក្នុងដំណើរការបោះឆ្នោត ផ្ញើជូនគ.ជ.ប បន្ទាប់ពីដំណើរបោះឆ្នោត ចប់សព្វគ្រប់។

សូមបញ្ជាក់ថាការដាក់ និងការទទួលពាក្យសុំ ចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ នឹងចាប់ផ្ដើម ចាប់ពីថ្ងៃទី២៣ ខែមេសា ហើយបញ្ចប់ នៅថ្ងៃ១៨ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥នាទីល្ងាច។

ពាក់ព័ន្ធនឹងការបោះឆ្នោតនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានត្រៀម ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានតាមកាលបរិច្ឆេទ កំណត់ ។

ជាមួយគ្នានេះដែរ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹង ដល់ បណ្ដាគណបក្សនយោបាយ ដែលចុះបញ្ជី នៅក្រសួងមហាផ្ទៃ ឲ្យបានដឹងថា គ.ជ.ប ទទួល ចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ចាប់ពីថ្ងៃទី៣០ មេសា ដល់១៤ ឧសភា ឆ្នាំ២០១៨ ។

ជប៉ុននឹងផ្តល់ហិបឆ្នោត ជាង១០០០០ហិប ស្មើនឹងថវិកា ប្រមាណ៥លានដុល្លារ រថយន្តនិងសម្ភារផ្សេងៗទៀត ដែលមានតម្លៃ ប្រហែល ២លាន៥សែនដុល្លារទៀត ដល់គ.ជ.ប សម្រាប់ រៀប ចំដំណើរការបោះឆ្នោត ផងដែរ៕