ខេត្តត្រាត ជួយបណ្តុះបណ្តាលជំនាញបច្ចេកទេស ផ្សារដែក និង តបណ្តាញអគ្គិសនី ដល់យុវជនមកពីសហគមន៍នានា ក្នុងខេត្តពោធិ៍សាត់


ពោធិ៍សាត់ ៖ ដោយមានកិច្ចសហប្រតិបត្តការល្អ រវាងមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តពោធិ៍សាត់ ជាមួយ មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តត្រាត (ប្រទេសថៃ) កាលពីព្រឹកថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៦ បានរៀបចំបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស ផ្សារដែក និង តបណ្តាញអគ្គិសនី ដល់យុវជនមកពីសហគមន៍នានាក្នុងខេត្ត ដែលមានសិក្ខាកាម សរុបចំនួន ៥០ នាក់ ។
ពិធីបើកវគ្គនេះ ធ្វើឡើងនៅសាលប្រជុំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់, លោក ហ៊ីង ស៊ីដេត ទីប្រឹក្សាក្រសួងការងារ និង ជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល និង លោក ចាន់ សាក់ថាវីន អភិបាលរងខេត្តត្រាត (ប្រទេសថៃ) ។
លោក ពុំ ចាន់ថា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល ដែលឧប្បត្ថម្ភថវិកា ដោយអាជ្ញាធរខេត្តត្រាតនេះ មានរយៈពេល ៥ថ្ងៃ មានសិក្ខាកាមចូលមកសិក្សា ចំនួន៥០នាក់ បង្រៀនដោយវិស្វករជំនាញមកពីប្រទេសថៃ លើជំនាញបច្ចេកទេស ផ្សារដែក និង តបណ្តាញអគ្គិសនី ។ លោកបានឲ្យដឹងថា នេះគឺជាលើកទី២ហើយ ដែលមជ្ឈមណ្ឌលរបស់លោក ទទួលបានការឧបត្ថម្ភការបណ្តុះបណ្តាល ពីសំណាក់អាជ្ញាធរខេត្តត្រាត (ប្រទេសថៃ) ក្នុងការជួយបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស ផ្សារដែក និង តបណ្តាញអគ្គិសនី ដល់យុវជនមកពីសហគមន៍នានាក្នុងខេត្ត ឲ្យមានចំណេះដឹង ចំណេះធ្វើ និង ភាពប៉ិនប្រសព្វជាក់លាក់ អាចយកទៅប្រកបមុខរបរ រកស៊ីចិញ្ចឹមជីវិតបាន ។
មានមតិសំណេះសំណាល នៅក្នុងពិធីបើកវគ្គនេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលថៃ ថ្នាក់ដឹកនាំខេត្តត្រាត និង មជ្ឈមណ្ឌលអភិវឌ្ឍន៍មុខជំនាញត្រាត ដែលបានរៀបចំឲ្យមានគម្រោងនេះឡើង ដើម្បីផ្តល់ឱកាសឲ្យយុវជនកម្ពុជា បានសិក្សាជំនាញបច្ចេកទេស ផ្សារដែក និង តបណ្តាញអគ្គិសនី ព្រោះថាសុទ្ធសឹងតែជាមុខជំនាញល្អៗ ដែលជាតម្រូវការលើទីផ្សារផងដែរ ។ លោកបានបន្ថែមថា នេះដោយសារការខិតខំប្រឹងប្រែង លើកិច្ចសហប្រតិបត្តិការល្អ រវាងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និង ថ្នាក់ដឹកនាំខេត្តត្រាត ហើយក៏សង្ឃឹមថានឹងទទួលបានវគ្គបណ្តុះបណ្តាលផ្សេងៗទៀត ទៅថ្ងៃខាងមុខ ។ ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឲ្យយកចិត្តទុកដាក់រៀនសូត្រ ក្រេបយកចំណេះដឹង ចំណេះធ្វើ ហើយបើមានចំណុចណាមិនយល់លើការបកប្រែភាសា ត្រូវហ៊ានសួរ ធើ្វយ៉ាងណាឲ្យវគ្គសិក្សាជំនាញនេះ បញ្ចប់ទៅទទួលបានលទ្ធផលល្អ ៕

Pursat 29-6-2016 (1)

Pursat 29-6-2016 (2)

Pursat 29-6-2016 (5)

Pursat 29-6-2016 (6)

Pursat 29-6-2016 (7)

Pursat 29-6-2016 (8)

Pursat 29-6-2016 (9)

Pursat 29-6-2016 (10)

Pursat 29-6-2016 (11)

Pursat 29-6-2016 (12)

Pursat 29-6-2016 (13)

Pursat 29-6-2016 (14)

Pursat 29-6-2016 (15)

Pursat 29-6-2016 (16)

Pursat 29-6-2016 (17)