ជំនួបទ្វេភាគីរវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយ ឯកឧត្តម ដូ ថាំងហាយ អនុរដ្ឋមន្រ្តីក្រសួងឧស្សហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម សំដៅពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី និងផែនការសាងសង់ផ្សារគំរូ ឲ្យចប់ជាស្ថាពរនៅចុងឆ្នាំ២០១៨
…
នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ដូ ថាំងហាយ អនុរដ្ឋមន្រ្តីក្រសួងឧស្សហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូអមដំណើរ ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពិគ្រោះ និងពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ជាពិសេសពិភាក្សាលើការជំរុញផែនការសាងសង់ផ្សារគំរូ (ផ្សារដា) ឲ្យចប់ជាស្ថាពរនៅចុងឆ្នាំ២០១៨។
ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងបានជម្រាបគណៈប្រតិភូវៀតណាម អំពីការរីកចំរើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព វិបុលភាព និងវឌ្ឍនភាពគ្រប់ទីកន្លែង។ ក្នុងរយៈពេល ២ទសវត្សចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជា សម្រេចបានគិតជាមធ្យម ៧% រៀងរាល់ឆ្នាំ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ ដូចបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
ជាការឆ្លើយតប ឯកឧត្តមអនុរដ្ឋមន្ត្រី ដូ ថាំងហាយ បានសម្ដែងនូវការកោតសរសើរដល់ការរីកចំរើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តមក៏បានបញ្ជាក់នូវជំហរយ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែរីកចំរើនថែមទៀត សំដៅសម្រេចបានទំហំពាណិជ្ជកម្ម ប្រមាណ ៥០០០ លានដុល្លារសហរដ្ឋអាមេរិច រវាងប្រទេសទាំងពីរ នៅបណ្ដាឆ្នាំខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា កំពុងក្លាយជាគោលដៅដ៏ទាក់ទាញ សម្រាប់វិនិយោគិនអន្តរជាតិ និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍លើពិភពលោក។ បើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជា មានកំណើនថេរក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ពោលគឺមានតម្លៃចន្លោះពី ១,៧ប៊ីលាន ទៅ ២ប៊ីលានដុល្លារសហអាមេរិក ហើយកាលពីឆ្នាំ ២០១៦ ប្រទេសវៀតណាម បានឈរនៅលេខរៀងទី៣ ជាមួយទុនវិនិយោគ ១៩២លានដុល្លារអាមេរិក គឺបន្ទាប់ពីប្រទេសចិន និងរដ្ឋបាលពិសេសហុងកុង។ កំណើននៃលំហូរ FDI ទាំងអស់នេះ បានបង្កើតនូវឱកាសការងារយ៉ាងច្រើន និងប្រាក់ចំណូលកាន់តែខ្ពស់សម្រាប់ប្រជាជន ហើយនឹងប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ ២០៥០។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្តល់ជំនួយជាទឹកប្រាក់ ៤៤ពាន់លានដុង ឬ ប្រមាណជាង ២លានដុល្លារសហរដ្ឋអាមេរិក តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ដើម្បីសាងសង់ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាមលើកដំបូង ឈ្មោះថា «ផ្សារដា» នៅលើផ្ទៃដីទំហំ ១៩.៦២៨ម2 (មួយម៉ឺនប្រាំបួនពាន់ ប្រាំមួយរយម្ភៃប្រាំបី ម៉ែត្រការ៉េ) ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរ ប្ដេជ្ញាជំរុញដោះស្រាយរាល់បញ្ហានានា ដើម្បីការសាងសង់ផ្សារគំរូនេះ ឲ្យចប់ជាស្ថាពរនៅចុងឆ្នាំ២០១៨។
ជំនួបទ្វេភាគីនេះ ត្រូវបានបញ្ចប់ជាមួយនឹងលទ្ធផលផ្លែផ្កា ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្ដីសោមនស្សរីករាយ។