ជំនួបទ្វេ​ភាគី​រវាង រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ជា​មួយ អនុ​រដ្ឋមន្រ្តី​ក្រសួង​ឧស្សហកម្ម និង​ពាណិជ្ជកម្ម នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម


ជំនួបទ្វេ​ភាគី​រវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ជា​មួយ ឯកឧត្តម ដូ ថាំងហាយ អនុ​រដ្ឋមន្រ្តី​ក្រសួង​ឧស្សហកម្ម និង​ពាណិជ្ជកម្ម នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម ដើម្បី​ជំរុញ​កិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម សំដៅ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី និង​ផែនការ​សាង​សង់​ផ្សារ​គំរូ ឲ្យ​ចប់​ជាស្ថាពរ​នៅ​ចុង​ឆ្នាំ​២០១៨

នៅ​ថ្ងៃ​ព្រហស្បតិ៍ ១១រោច ខែ​ពិសាខ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី១០ ខែឧសភា ឆ្នាំ​២០១៨ នៅ​ទីស្ដីកា​រ​ក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បាន​ទទួល​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជា​មួយ ឯកឧត្តម ដូ ថាំងហាយ អនុ​រដ្ឋមន្រ្តី​ក្រសួង​ឧស្សហកម្ម និង​ពាណិជ្ជកម្ម នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម និង​គណៈប្រតិភូអម​ដំណើរ ក្នុង​ការ​អញ្ជើញ​មក​បំ​ពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា ដើម្បី​ពិ​គ្រោះ និង​ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​កិច្ចសហ​ប្រតិបត្តិ​ការលើ​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម ជា​ពិសេស​ពិភាក្សា​លើការ​ជំរុញ​ផែនការ​សាង​សង់​ផ្សារ​គំរូ (ផ្សារ​ដា) ឲ្យ​ចប់​ជាស្ថាពរ​នៅ​ចុង​ឆ្នាំ​២០១៨។

ឯកឧត្តម​រដ្ឋ​មន្ត្រី បាន​ស្វាគមន៍ និង​បាន​ជម្រាបគណៈប្រតិភូ​វៀត​ណាម អំពី​ការ​រីក​ចំរើន​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាសវៃ ប្រកប​ដោយ​គតិ​បណ្ឌិត​របស់ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​បាន​នាំ​មក​នូវ​សុខ​សន្តិភាព វិបុលភាព និង​វឌ្ឍនភាព​គ្រប់ទី​កន្លែង។ ក្នុង​រយៈ​ពេល ២ទសវត្ស​ចុង​ក្រោយ​នេះ កំណើន​សេដ្ឋកិច្ច​កម្ពុជា សម្រេច​បាន​គិត​ជា​មធ្យម ៧% រៀង​រាល់​ឆ្នាំ ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​កាត់​បន្ថយ​ភាពក្រីក្រ ដូច​បាន​កំណត់​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​យុទ្ធសាស្ត្រចតុកោណ​របស់​រាជ​រដ្ឋាភិបាល។

ជាការ​ឆ្លើយតប ឯកឧត្តម​អនុរដ្ឋ​មន្ត្រី ដូ ថាំងហាយ បាន​សម្ដែង​នូវ​ការកោតសរសើរ​ដល់​ការ​រីក​ចំរើន និង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា។ ឯកឧត្តម​ក៏​បាន​បញ្ជា​ក់​នូវ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​កាន់​តែ​រីក​ចំរើនថែម​ទៀត សំដៅ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម ប្រមាណ ៥០០០ លាន​ដុល្លារ​សហរដ្ឋ​អាមេរិច រវាង​ប្រទេស​​ទាំង​ពីរ នៅ​បណ្ដាឆ្នាំ​ខាង​មុខ។

ឯកឧត្តម​រដ្ឋ​មន្ត្រី បាន​បញ្ជា​ក់​បន្ថែម​ថា បច្ចុប្បន្ន​នេះ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា កំពុង​ក្លាយ​ជា​គោល​ដៅ​ដ៏​ទាក់​ទាញ សម្រាប់​វិនិយោគិន​អន្តរជាតិ និង​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍លើពិភព​លោក។ បើ​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ បង្ហាញ​ថា លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) មក​កម្ពុជា មាន​កំណើន​ថេរ​ក្នុង​រយៈ​ពេល ៥ឆ្នាំ​ចុង​ក្រោយ ពោល​គឺ​មាន​តម្លៃ​ចន្លោះ​ពី ១,៧ប៊ីលាន ទៅ ២ប៊ីលាន​ដុល្លារ​សហ​អាមេរិក ហើយ​កាល​ពីឆ្នាំ ២០១៦ ប្រទេស​វៀត​ណាម បាន​ឈរ​នៅ​លេខ​រៀងទី៣ ជា​មួយ​ទុន​វិនិយោគ ១៩២លាន​ដុល្លារ​អាមេរិក គឺ​បន្ទាប់ពី​ប្រទេស​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង។ កំណើន​នៃ​លំហូរ FDI ទាំង​អស់​នេះ បាន​បង្កើត​​នូវ​ឱកាស​ការ​ងារ​យ៉ាង​ច្រើន និង​ប្រាក់​ចំណូល​កាន់​តែ​ខ្ពស់​សម្រាប់​ប្រជាជន ហើយ​នឹង​ប្រែ​ក្លាយ​កម្ពុជា ឲ្យ​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់ នៅ​ឆ្នាំ ២០៥០។

ទន្ទឹម​នឹង​នេះ​ដែរ ឯកឧត្តម​រដ្ឋ​មន្ត្រី ក៏​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម ដែល​បាន​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់ ៤៤​ពាន់​លានដុង ឬ ប្រមាណ​ជាង ២លាន​ដុល្លារ​សហរដ្ឋ​អាមេរិក តាម​រយៈកិច្ច​ព្រម​ព្រៀងសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យា​សាស្រ្ត និង បច្ចេក​វិទ្យា ដើម្បី​សាង​សង់​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​-​វៀត​ណាម​លើក​ដំបូង ឈ្មោះ​ថា «ផ្សារ​ដា» នៅ​លើ​ផ្ទៃ​ដី​ទំហំ ១៩.៦២៨ម2 (មួយ​ម៉ឺន​ប្រាំបួន​ពាន់ ប្រាំ​មួយ​រយម្ភៃប្រាំបី ម៉ែត្រ​ការ៉េ) ស្ថិត​នៅ​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ ភាគី​​ទាំង​ពីរ ប្ដេជ្ញា​ជំរុញ​ដោះ​ស្រាយ​​រាល់​បញ្ហា​នានា ដើម្បី​ការសាង​សង់​ផ្សារ​គំរូ​នេះ ឲ្យ​ចប់​ជាស្ថាពរ​នៅ​ចុង​ឆ្នាំ​២០១៨។

ជំនួបទ្វេ​ភាគី​នេះ ត្រូវ​បាន​បញ្ចប់​ជា​មួយ​នឹង​លទ្ធផល​ផ្លែផ្កា ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​ក្ដីសោមនស្ស​រីក​រាយ។