សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃទី២៨ ធ្នូនេះ បង្ហាញភាពម៉ឺងម៉ាត់នៃ ការមិនស្នើសុំរកការលើកលែងទោស ឲ្យមេដឹកនាំគណបក្សប្រឆាំង ដែលកំពុងមានទោសតាមផ្លូវតុលាការនោះទេ ។
ប្រសាសន៍ សម្តេចតេជោសែន បង្ហាញភាពម៉ឺងម៉ាត់នេះ គឺបន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួនឯងនៅក្រៅស្រុក កំពុងស្វែងរកវិធីវិលត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញ បន្ទាប់ពីការរកគំនាបជាអន្តរជាតិ ដាក់លើប្រទេសកម្ពុជាមិនបានសម្រេចនោះ ។
ប្រភពពីផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ បានថ្លែងថា គណបក្សសង្គ្រោះជាតិ នឹងរំពឹងរកការស្នើលើកលែងទោស លោក សម រង្ស៊ី តាមរយៈព្រះមហាក្សត្រខ្មែរម្តងទៀត ដែលគណបក្សប្រឆាំងគិតថា ជាវិធីតែមួយគត់ដែលនឹងអាចជួយប្រធានគណបក្សប្រឆាំងរូបនោះ វិលត្រឡប់មកកម្ពុជាវិញបាន… ប៉ុន្តែ សម្តេចតេជោសែន បានមានប្រសាសន៍នៅថ្ងៃទី២៨ ធ្នូនេះថា សម្តេចក្នុងនាមជានាយករដ្ឋមន្ត្រី នឹងមិនស្នើរកការលើកលែងទោសដល់ទណ្ឌិតដដែលៗនោះ ជាលើកទី៣ នោះឡើយ ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វេលាចុងក្រោយនេះ បានរងការផ្តន្ទាទោសដាក់គុកចំនួន ២ឆ្នាំផង… ការបង្គាប់របស់តុលាការដើម្បីចូលខ្លួនបំភ្លឺលើករណីមួយចំនួនទៀត ក្នុងនោះរួមមានការបង្ហោះឯកសារមិនពិត ចោទថាកម្ពុជា និងវៀតណាមបានធ្វើកិច្ចចរចាដើម្បីចុះហត្ថលេខា សម្រាប់រំលាយព្រំដែនជាតិនៃប្រទេសទាំង២… និងការបង្ហោះព័ត៌មានមិនពិតមួយទៀតចោទថា «របបកើតថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ បានកាត់ទោសប្រហារជីវិតសម្តេចព្រះ នរោត្តម សីហនុ និងចោទថាព្រះអង្គជាជនក្បត់ជាតិ» ផងទៀត ។
ទូរស័ព្ទរបស់មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញាឫទ្ធិ នារសៀលថ្ងៃទី២៨ធ្នូនេះ បានបិទ និងមិនអាចខលចូលនោះឡើយ ។ មន្ត្រីគណបក្សសង្គ្រោះជាតិបានថ្លែងថា គណបក្សសង្គ្រោះជាតិកំពុងព្យាយាម បញ្ចៀសមិនអោយមានការប្រឈមមុខក្នុងការប្រើពាក្យសម្តីក្នុងពេលនេះ ជាមួយនឹងសម្តេចតេជោសែនឡើយ ។