ចលនាយុវជនកម្ពុជាក្រុម១៥៧… ក្រុមយុវជននៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ PPIU … មជ្ឈមណ្ឌលជាតិផ្ដល់ឈាម រួមនិងក្រុមហ៊ុនឯកជនមួយចំនួនទៀត នៅថ្ងៃទី២៨ ធ្នូនេះ បានរៀបចំកម្មវិធីទិវាបរិច្ចាគឈាម ក្រោមប្រធានបទ «អ្នកបរិច្ចាគឈាមគឺជាវីរជន» ។
កម្មវិធីបរិច្ចាគឈាមនេះ នឹងមានរយៈពេល ២ថ្ងៃ គឺនៅថ្ងៃ២៨ និង ២៩ធ្នូ ធ្វើនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក្នុងខណ្ឌ ៧មករា រាជធានីភ្នំពេញ ។ ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ លោក ម៉ឹង ពន្លក បានថ្លែងថា ការផ្ដល់ឈាម គឺជាអំពើល្អមួយ ដែលអាចជួយសង្គ្រោះជីវិតមនុស្សដែលកំពុងរងគ្រោះ ។
លោក ម៉ឹង ពន្លក បានឲ្យដឹងថា នេះគឺជាលើកទី២ ហើយដែលក្រុមយុវជនរបស់លោក សហការរៀបចំការផ្ដល់ឈាមនេះ… ក្នុងនោះលើកទី១ បានធ្វើឡើងកាលពីឆ្នាំ ២០១៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយទទួលបានអំណោយឈាមជាង ៧០០ប្លោក ។ ក្រុមយុវជនរំពឹងថា សម្រាប់លើកទី២នេះ គឺគេអាចនឹងទទួលបានការផ្តល់អំណោយឈាមយ៉ាងហោចចំនួន ១ពាន់ប្លោក ។
របាយការណ៍របស់ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានអោយដឹងថា តម្រូវការឈាមសម្រាប់មន្ទីរពេទ្យនានា គ្រាន់តែក្នុងរាជធានីភ្នំពេញ មានច្រើនរហូតដល់ជាង ១០០ប្លោក ក្នុង ១ថ្ងៃៗ… និងត្រូវការរហូតដល់ជាង ៣ពាន់ប្លោក សម្រាប់តម្រូវការទូទាំងប្រទេស ជារៀងរាល់ខែ ។