រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបង្ហាញអំពីផលប្រយោជន៍ និងកំណើនសេដ្ឋកិច្ច កម្ពុជាក្នុងការធ្វើ សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញអំពី ផលប្រយោជន៍ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុង ការចូលសមាហរណកម្មអាស៊ាន ដែលបណ្ដា ប្រទេសជាច្រើននៅលើពិភពលោក កាន់តែមានទំនុក ចិត្តខ្លាំង មកលើតំបន់អាស៊ាន និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចល្អ។
ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹងពីអាស៊ាននិងសារៈសំខាន់នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ នៅសកលវិទ្យាល័យខេត្តបន្ទាយមានជ័យ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា សម្រាប់កម្ពុជាផលិតផលក្នុងស្រុក សរុប(GDP) សម្រាប់ ប្រជាជនម្នាក់ៗ ជាមធ្យមបានកើនឡើង ស្ទើរជាទ្វេរដងរវាង ឆ្នាំ២០០៧ និង២០១៤ ដោយសម្រេចបាន ៤.១៣០ដុល្លារ នៅក្នុងឆ្នាំ២០១៤។
ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចមួយក៏ប៉ុនែ្តការចូលរួមក្នុង សមាគម ប្រជាជាតិ អាស៊ីអាគ្នេយ៍ ឬអាស៊ាន វាជាឱកាសមួយសម្រាប់កម្ពុជា បានចូលរួមចំណែកក្នុង ការអភិវឌ្ឍ ប្រទេសនឹង ការធ្វើសមាហរណកម្មសេដ្ឋកិច្ចតាមរយៈការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពី ទំនិញ សេវាកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន និងការចរចាបង្កើតកិច្ចព្រមព្រៀងនានា ជាមួយនឹង ប្រទេសជា ដៃគូសេដ្ឋកិច្ចអាស៊ាន ដែលមានដូចជា ចិន កូរ៉េ ជប៉ុន អូស្រ្តាលី ណូវែល ហ្សេឡង់ និងឥណ្ឌា។
ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ដថា ក្នុងបរិបទពាណិជ្ជកម្ម ការអនុវត្តផែនការលម្អិតសហគមន៍ សេដ្ឋកិច្ចអាស៊ាន (AEC) ក៏បានផ្តល់ឱកាស ឱ្យកម្ពុជាបានពង្រីកទីផ្សារទៅខាងក្រៅ និងពង្រឹងតួនាទី របស់ខ្លួន ក្នុងសង្វាក់ ផលិតកម្មតំបន់ និងសកលលោកផងដែរ។
ជាមួយគ្នានេះ សហគមន៍អាស៊ាន បានចូលជាធរមាន នៅក្នុងដំណាច់ឆ្នាំ២០១៥នេះ ហើយ សមិទ្ធិផលនានា ដែលបានសម្រេចនៅក្នុងផែនការ យុទ្ធសាស្រ្តសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥ គឺបានកំណត់នូវទិស ដៅ មួយច្បាស់លាស់សម្រាប់តំបន់អាស៊ាន នាពេលខាងមុខ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ការអនុវត្តផែនការលម្អិតសហគមន៍សេដ្ឋ កិច្ចអាស៊ាន (AEC) ជារួមសម្រេចបានចំនួន៩២,៧ភាគ នៃវិធានការអាទិភាពសរុបចំនួន៥០៦។ ដោយឡែកប្រទេសកម្ពុជា ការអនុវត្តផែនការលម្អិត សហគមន៍សេដ្ឋកិច្ចអាស៊ាន សម្រេចបាន ៩៤,៩ភាគ មានចំណាត់ថ្នាក់ទី៤ បន្ទាប់ ពីប្រទេសសឹង្ហបូរី វៀតណាម និងថៃ។

Pan Sosak 4-7-2016 (2)

Pan Sosak 4-7-2016 (1)