សម្តេចក្រឡាហោម រកឃើញនគរបាលផ្តល់សញ្ជាតិខុសច្បាប់


Sor Keng 30 12 15 2 copy

      សម្តេច​ក្រឡាហោម​ ស​ ខេង​ បាន​ថ្លែង​បញ្ជាក់​ថា​ ក្រសួង​មហា​ផ្ទៃ​បាន​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​មួយ​ ពាក់​ព័ន្ធ​ជាមួយ​មន្ត្រី​នគរបាល​ និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​ ដែល​បាន​ចេញ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​ផ្តល់​សញ្ជាតិ​ខ្មែរ​ឲ្យ​ទៅ​ជនបរទេស ។​

     សម្តេច​ក្រឡាហោម​ ស​ ខេង​ បាន​មាន​ប្រសាសន៍​ថា​ មន្ត្រី​ទាំង​នោះ​ នឹង​ជៀស​មិន​ផុត​ពី​ការ​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​នឹង​ឈាន​ទៅ​អនុវត្ត​ច្បាប់​ថែមទៀត ​។ ​ការ​ថ្លែង​បញ្ជាក់​របស់​សម្តេច​ក្រឡា​ហោម​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ផ្ទេរ​តំណែង​អភិ​បាល​ខេត្ត​ស្ទឹង​ត្រែង​ កាល​ពី​ព្រឹក​នៅថ្ងៃទី​២៩​ ខែ​ធ្នូ​ ឆ្នាំ ​២០១៥ ។​

     សម្តេច​ក្រឡា​ហោម​ ស​ ខេង​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ​ការ​ផ្តល់​សញ្ជាតិ​ មិន​អាច​មាន​អ្នក​ណា​អាច​ធ្វើ​បាន​ឡើយ​ ក្រៅ​ពី​ព្រះ​មហាក្សត្រ ។​ ​សម្តេច​បាន​បញ្ជាក់​រឿង​ទាំង​នេះ​ ដែល​មាន​ចំនួន​ ៣​រឿង​ ទៅ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​… អគ្គ​នាយក​ដ្ឋាន​អត្ត​សញ្ញាណកម្ម​… អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ និង​អគ្គ​នាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​មហាផ្ទៃ​ ដើម្បី​ពិនិត្យ​និង​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ។​

     មិន​​មាន​សេចក្តី​រាយការណ៍​បញ្ជាក់​ថា​តើ​នគរបាល​ចំនួន​ប៉ុន្មាន​នាក់​ ដែល​ស្ថិត​ក្នុង​អំពើ​មិន​ប្រក្រតី​ទាំង​នោះ​ឡើយ ។