សម្តេចតេជោចូលរួមកិច្ចប្រជុំនៅម៉ុងហ្គោលី


     សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារក្នុងទំព័រហ្វេសប៊ុករបស់សម្តេចថា នឹងធ្វើដំណើរចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១១ នៅប្រទេសម៉ុងហ្គោលី នៅថ្ងៃទី១៤ ខែកក្កដា នេះហើយ ។

     សម្តេចបានបញ្ជាក់ថា នេះជាការជួបជុំជាទៀងទាត់ ២ឆ្នាំម្តង រវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសចំនួន៥១ និងអង្គការ២ គឺលេខាធិការដ្ឋានអាស៊ាន និងស្នងការអឺរ៉ុប ។ សម្តេចបានបញ្ជាក់ទៀតថា កម្ពុជាបានចូលជាសមាជិកព្រមពេលគ្នាជាមួយឡាវ និងមីយ៉ាន់ម៉ា និងប្រទេស៤ ផ្សេងទៀតមកពីអឺរ៉ុប ក្នុងឆ្នាំ ២០០៤ នៅហាណូយប្រទេសវៀតណាម នាសម័យប្រជុំលើកទី៥ ។ តាំងពីពេលនោះមកសម្តេចបានដឹកនាំប្រតិភូកម្ពុជាចូលរួមប្រជុំមិនដែលអាក់ខានគឺឆ្នាំ ២០០៦ នៅហ្វាំងឡង់ ឆ្នាំ២០០៨ នៅចិន ឆ្នាំ២០១២ នៅឡាវ ឆ្នាំ២០១៤ នៅអ៊ីតាលី និងឆ្នាំ២០១៦ នេះនៅម៉ុងហ្គោលី ។

     ក្រៅពីការប្រជុំ សម្តេចនឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រីចិន ជប៉ុន ប្រធានាធិបតីកូរ៉េ និងអាចជួបប្រាស្រ័យជាមួយប្រមុខរដ្ឋាភិបាលផ្សេងទៀត ដែលចូលប្រជុំជាមួយគ្នា ដែលនេះជាទម្លាប់ធម្មតាសំរាប់មេដឹកនាំរដ្ឋ ។ ក្រសួងការបរទេសបានជូនដំណឹងថា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១១ The 11th ASEM Summit នឹងប្រព្រឹត្តទៅពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៦ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី តបតាមការអញ្ជើញរបស់ឯកឧត្តម ត្សាឃីអាហ្គីន អ៊ែលប៊េឌូរ្ស (Tsakhiagin Elbegdorj) ប្រធានាធិបតីម៉ុងហ្គោលី ។

     ភាពជាដៃគូសម្រាប់អនាគតតាមរយៈការតភ្ជាប់ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១១ នឹងពិភាក្សាលើបញ្ហាសំខាន់ៗ ក្រោមប្រធានបទ រយៈពេល ២០ឆ្នាំ នៃកិច្ចប្រជុំអាស៊ី អឺរ៉ុប រួមមានការវាយតម្លៃលើបទពិសោធន៍របស់ ASEM ក្នុងរយៈពេល ២០ឆ្នាំកន្លងមក ការកសាងការតភ្ជាប់ផ្នែករឹង និងទន់រវាងអាស៊ីអឺរ៉ុប ទិសដៅអនាគតរបស់ASEM បំរែបំរួលអាកាសធាតុ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងប្រពន្ធ័ពហុពាណិជ្ជកម្ម ការកាត់បន្ថយ និងការគ្រប់គ្រងហានីភ័យគ្រោះធម្មជាតិ សន្តិសុខ ថាមពល សន្តិសុខស្បៀង ការគ្រប់គ្រងទឹក ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ។ កិច្ចប្រជុំកំពូលគ្រោងនឹងអនុម័តលើឯកសារ ស្តីពីលទ្ធផលកិច្ចប្រជុំសំខាន់ពីរគឺ សេចក្តីប្រកាសអ៊ូឡង់បាទ័រ (The Ulaanbaatar Declaration) និងសេចក្តីថ្លែងការណ៍របស់ ប្រធានអង្គប្រជុំ ។

     ក្រៅកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប សម្តេចតេជោ ហ៊ុន សែន នឹងជួបទេ្វរភាគីជាមួយ ឯកឧត្តម លឺ ខឺឈាង (Li Keqia Ng) នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ីន ហ្សូអាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុន និង លោកជំទាវ ប៉ាក គឿនហេ (Park Geun Hye) ប្រធានាធិបតីនៃសាធារណៈកូរ៉េ ។

HS 14 07 16 2 copy