លោក ឃឹម ប៊ុនសុង ប្រាប់ប្រជាពលរដ្ឋ ដើមី្បយើងទទួលបាននូវកិច្ចអភិវឌ្ឍន៍ក្នុងមូលដ្ឋានបន្តទៀត នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ត្រូវនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលមានលំដាប់លេខរៀងទី២០ ដែលជាលេខធំជាងគេ ងាយស្រួលបងប្អូនស្គាល់ចំណាំ


ផ្លូវក្រាលគ្រួសក្រហម១ខ្សែប្រវែង ៤១៦៨ម៉ែត្រ ស្ថិតក្នុងភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានជួសជុល និងពង្រីក នៅព្រឹកថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០១៨ នេះ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈ អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក អាជ្ញាធរស្រុក មេឃុំ រួមទាំងប្រជាពលរដ្ឋ ៥៧៦ នាក់ ចូលរួមផងដែរ ។
តាមការបញ្ជាក់របស់លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានឲ្យដឹងថា ផ្លូវ១ខែ្សនេះ មានសារៈសំខាន់បំផុត ចំពោះប្រជាពលរដ្ឋនៅភូមិក្របីរៀល ក្នុងការដឹកនូវកសិផលមកកាន់ទីផ្សារ និង សម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សមកកាន់សាលារៀន ក្នុងការពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់ស្រុកទៀតផង ។ ក្នុងនោះលោកក៏បានសំណូមពរដល់ឯកឧត្តម បណ្ឌិត អភិបាលខេត្ត សូមជួយធ្វើការជួសជុលផ្លូវចូលទៅឃុំគោកធ្លកលើ ដែលរងការខូចខាតជាកង់ៗ ដោយការដឹក ជញ្ជូនលើសទម្ងន់ ដែលមានប្រវែងសរុប ៧០០ម៉ែត្រ ។

សំណេះសំណាលនោះដែរឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងអំពីគម្រោងជាច្រើន របស់សាលាខេត្តសៀមរាប ក្នុងការជួសជុល និងស្ថាបនាផ្លូវនៅក្នុងក្រុង ស្រុក ឃុំ សង្កាត់ ។

ឯកឧត្តម បណ្ឌិតក៏បានលើកឡើងនូវអនុសាសន៍ល្អៗ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានឆ្លុះបញ្ចាំងឲ្យឃើញ ពីការគិតគូរខ្ពស់ប្រកបដោយចក្ខុវិស័យ ដើមី្បវឌ្ឍនភាពសង្គម កំណើនសេដ្ឋកិច្ច និង អភិវឌ្ឍន៍លើគ្រប់វិស័យ ។ ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ថា ស្រុកជីក្រែង គឺជាមូលដ្ឋានសមរភូមិក្តៅ ក្នុង ការប្រយុទ្ធរវាងកងទ័ពរាជរដ្ឋាភិបាល និង ក្រុមឧទាមខ្មែរក្រហម ហើយបច្ចុប្បន្ននេះបានមានការអភិវឌ្ឍលើគ្រប់ ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកផងដែរ ។ ឯកឧត្តបណ្ឌិត ឃឹម ប៊ុន សុង ក៏បានបញ្ជាក់ថា ក្រោមគោលមាគ៌ាដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ក្រោមគោលនយោបាយឈ្នះៗ បានធ្វើឲ្យប្រទេសជាតិទាំងមូល ទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស ជាពិសេសបានធ្វើឲ្យស្រុកជីក្រែង មានការអភិវឌ្ឍន៍ និង រីកចម្រើមលើគ្រប់វិស័យទៀតផង ។ ឯកឧត្តមបណ្ឌិតក៏បានលើកផងដែរថា ការបើកការដ្ឋានជួសជុលផ្លូវមួយខែ្សនៅក្នុងឃុំគោកធ្លកក្រោមនេះ ក្នុងគោលបំណងពង្រឹងនូវហេដ្ឋារចនាសម្ព័នរូបវ័ន្តស្រុក ក្នុងស្ថានភាពបច្ចុប្បន្ន សេដ្ឋកិច្ច មនុស្ស និងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករមកកាន់ទីផ្សារ និងបង្កភាពងាយស្រួលដល់សិស្សទៅកាន់សាលារៀន ។

ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានសុំការអាព្យាស្រ័យពីប្រជាពលរដ្ឋផងដែរ អំពីភាពយឺតយ៉ាវក្នុងការជួសជុលផ្លូវនេះ ព្រមទាំងបានសំណូមពរបងប្អូនឲ្យ មានការចូលរួមបរិចាកដីមួយចំនួន ដែលក្រុមការងារបច្ចេកទេស ធ្វើការពង្រីកផ្លូវមួយខ្សែនេះ ហើយក៏ដើមី្បជាផល ប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងភូមិក្របីរៀលនេះផងដែរ ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកនូវសភាពការណ៍នយោបាយក្នុង និង ក្រៅប្រទេស ព្រមទាំងសូមឲ្យបងប្អូនកុំជឿនូវការឃោសនាអកុសល របស់ក្រុមជនអកតិមួយចំនួន ក្នុងគោលបំណងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និង សន្តិភាពនៅកម្ពុជា តាមរយៈការឃោសនាមិនឲ្យប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។ ម៉្យាងទៀតសូមឲ្យអាជ្ញាធរស្រុក ឃុំត្រូវយកចិត្តទុកដាក់ថែទាំផ្លូវនេះ និង ធ្វើឲ្យដងផ្លូវប្រកបទៅពណ៌បៃតង គឺត្រូវរួមគ្នាធ្វើការដាំដើមឈើមានតម្លៃ ក្នុងការលើកនូវសោភណ្ឌភាពក្នុងមូលដ្ឋាន រួមទាំងទប់ស្កាត់នូវគ្រោះធម្មជាតិទៀតផង ។

ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានឲ្យក្រុមការងារបច្ចេកទេសកងវិស្វកកម្ម ចុះធ្វើការសិក្សាវាយតម្លៃផ្លូវដែលរងការខូចខាត ដែលតំណាងប្រជា ពលរដ្ឋបានលើកឡើង ដើមី្បធ្វើការជួសជុលឲ្យបានមុនការបោះឆ្នោត ព្រមទាំងធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ខាងមុខនេះ ត្រូវនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី២០ ដែលជាលេខធំជាងគេ ងាយស្រួលបងប្អូនស្គាល់ចំណាំ ដើមី្បយើងទទួលបាននូវកិច្ចអភិវឌ្ឍន៍ក្នុងភូមិឃុំរបស់ខ្លួន និង ចូលរួមលើការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាពផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានអញ្ជើញចុះត្រួតពិនិត្យកំណាត់ផ្លូវដីក្រហម ប្រវែង៩ពាន់ម៉ែត្រ ចូលទៅឃុំគោកធ្លកលើ ដែលរងការខូចខាត និង ត្រូវធ្វើការជួសជុលផងដែរ ។

ដើមី្បជាអនុស្សាវរីយ៍ ក្នុងឱកាសបើកការដ្ឋានជួសជុលផ្លូវមួយខ្សែនេះ ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមពិធី ចំនួន ៥៧៦ នាក់ ដោយម្នាក់ៗ ប្រាក់២ម៉ឺនរៀល ៕