អូស្ត្រាលីរក្សាជំនួយដដែលចំពោះកម្ពុជា


Oze 05 08 16 2 copy

    រដ្ឋាភិបាលអូស្ត្រាលីនឹងកាត់បន្ថយជំនួយនៅក្រៅប្រទេសខ្លួន ប៉ុន្តែពុំមានកាត់ជំនួយពីកម្ពុជានោះទេ ។ សូមជម្រាបថា ក្នុងឆ្នាំកន្លងមក អូស្ត្រាលីបានផ្តល់ជំនួយចំពោះកម្ពុជា ប្រមាណ ៩០លានដុល្លារអូស្ត្រាលី  ហើយ កម្ពុជានៅតែទទួលបានជំនួយពីអូស្ត្រាលីចំនួនប្រមាណ ៩០លានដុល្លារ សម្រាប់ឆ្នាំ២០១៦ នេះទៀត ។ នេះគឺ ជាការលើកឡើងក្នុងជំនួបរវាង រដ្ឋមន្ត្រីក្រសួងការបរទេស ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយ លោកស្រី Angela Corcoran  ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការ ក្រសួងការបរទេស ។

     អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី បានអរគុណគ្រប់បែបយ៉ាង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលរដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ចំពោះកម្ពុជា ពិសេស កិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យមួយចំនួនដូចជា វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ជនបទផ្នែក ច្បាប់ ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងប្រឆាំងអំពើហិង្សាលើស្ត្រីជាដើម ។   មន្ត្រីអ្នកនាំពាក្យ លោក ជុំ សុន្ទរី បានបញ្ជាក់ថា ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងការងាររវាងក្រសួងការបរទេស និងស្ថានទូតអូស្ត្រាលី ក្នុងរយៈកាលកន្លងមក ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនៅក្តីសង្ឃឹមថា លោកស្រីឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី នឹងបន្តទំនាក់ទំនងដ៏ល្អប្រសើរនេះ ។

     លោកស្រី Angela  Corcoran  ឯកអគ្គរដ្ឋទូតអូស្រ្តាលី ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ… ហើយលោកស្រីនឹងបន្តពង្រឹងបន្ថែមទៀត នៅទំនាក់ទំនងការងារដ៏ល្អប្រសើរ រវាងស្ថានទូតអូស្ត្រាលីជាមួយ ក្រសួងការបរទេស និងពង្រឹងពង្រីកបន្ថែមទៀត នៅទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ។ លោកស្រី បានវាយតម្លៃខ្ពស់ អំពីកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញ ទៅមករវាងអូស្ត្រាលី និងកម្ពុជា នៅលើវេទិកាអន្តរជាតិ ។ លោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះជំហររបស់ រាជរដ្ឋា ភិបាលកម្ពុជា ដែលប្រកាន់ភ្ជាប់នៅការអនុវត្តអនុស្សារណៈ នៃការយោគយល់គ្នាស្តីអំពីការតាំងទីលំនៅរបស់ជនភៀសខ្លួននៅកម្ពុជា ដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានចុះហត្ថលេខាកន្លងមក ។ លោកស្រីបានបន្តថា ការផ្តល់ជំនួយរបស់អូស្ត្រាលី ចំពោះកម្ពុជាកន្លងមក ដោយក្នុងឆ្នាំកន្លងមកអូស្ត្រាលី បានផ្តល់ជំនួយចំពោះកម្ពុជា ប្រមាណ ៩០លានដុល្លារអូស្ត្រាលី ហើយបើទោះជារដ្ឋាភិបាលអូស្ត្រាលី មានគោលការណ៍កាត់បន្ថយជំនួយ នៅក្រៅប្រទេស ក៏ពុំមានប៉ះពាល់ដល់កម្ពុជាឡើយ គឺកម្ពុជានៅតែទទួលបានជំនួយពីអូស្ត្រាលីចំនួនប្រមាណ ៩០លានដុល្លារ សម្រាប់ឆ្នាំ២០១៦នេះ ហើយអូស្ត្រាលីគឺជាប្រទេសដែលផ្តល់ជំនួយធំទី២ នៅក្នុងតុលាការខ្មែរក្រហម។

     ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនលោកស្រី ឯកអគ្គរដ្ឋទូតអូស្ត្រាលី អំពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុស្សារណៈជនភៀសខ្លួន ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ។  អ្នកនាំពាក្យ ក្រសួងការបរទេសបានបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាគ្នានេះ លោកទេសរដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត អូស្ត្រាលី បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នា លើបញ្ហាតំបន់ និងបញ្ហាអន្តរជាតិមួយចំនួន ដែលមានផលប្រយោជន៍ សម្រាប់ភាគីទាំងពីរ ៕