ក្រុមអ្នកលេងហ្វេសប៊ុកជាច្រើន ត្រូវគេឃើញបានសរសេរអបអរសាទរខួបអាពាហ៍ពិពាហ៍ ៤០ឆ្នាំ របស់ សម្តេចតេជោសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
ខួបអាពាហ៍ពិពាហ៍ ៤០ឆ្នាំ គឺជាខួបដ៏កម្រមួយ មិនសូវមានចំពោះគូស្វាមីភរិយាក្នុងប្រទេសឡើយ ដោយសារតែកម្ពុជាជាប្រទេសឆ្លងកាត់សង្គ្រាមស៊ីវិលជិត ៣០ឆ្នាំ និងដែលគ្មានគ្រួសារខ្មែរណាម្នាក់អាចរួចផុតពីការបែកបាក់គ្នានោះឡើយ ក្នុងជំនាន់អតីតកាល ។
សម្តេចតេជោសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី៥ មករា ឆ្នាំ ១៩៧៦ ក្នុងជំនាន់អតីតរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានទទួលការជូនពរតាមទំព័រហ្វេសប៊ុកអបអរខួបអាពាហ៍ពិពាហ៍ ៤០ឆ្នាំ នៅថ្ងៃទី៥ មករា ឆ្នាំ ២០១៦ ។
តាមវប្បធម៌បរទេស ខួបអាពាហ៍ពិពាហ៍ ៤០ឆ្នាំ គឺជាខួបដែលគេប្រដូចទៅនឹងត្បូងទទឹមពណ៌ក្រហម The 40th Ruby ។ បើសិនជាខួបអាពាហ៍ពិពាហ៍ឡើងដល់ ៥០ឆ្នាំ នឹងប្រដូចទៅនឹងមាសទឹកដប់ The 50th Gold … ចំណែកខួប ៦០ឆ្នាំ គឺប្រដូចជាគ្រាប់ពេជ្រ The 60th Diamond នោះជាដើម ។
ក្នុងគេហទំព័ររបស់ សម្តេចតេជោសែន សម្តេចបានរំលឹកពីចំណងគូព្រេងមិនព្រាត់ ដែលនាំអោយសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនដែលស្គាល់មុខគ្នាពីមុន និងគ្រាន់តែបានទទួលការចំអន់ផ្សំផ្គុំតាមរយៈមិត្តភក្តិ ប៉ុន្តែទីបំផុតក៏បានរៀបការជាមួយគ្នានៅថ្ងៃទី៥ មករា ឆ្នាំ ១៩៧៦ ហើយស្ថិតក្នុងគូទី១៣ ថែមទៀត ។
សូមជំរាបថា ក្នុងរបបខ្មែរក្រហម ការរៀបអាពាហ៍ពិពាហ៍ គឺអង្គការថ្នាក់លើតម្រូវអោយរៀបចំធ្វើជាច្រើនគូ មិនដូចសព្វថ្ងៃនេះទេ ។ ហ្វេសប៊ុករបស់សម្តេច បានសរសេររំលឹកការរៀបការយុទ្ធជនពិការ ១៣គូ នៅភូមិច្រាប… ស្រុកត្បូងឃ្មុំ ដែលត្រូវជាខេត្តត្បូងឃ្មុំ នាពេលបច្ចុប្បន្ន ។
ហ្វេសប៊ុករបស់សម្តេចកន្លងមកនេះ ក៏បានសរសេររំលឹកនូវទំហំទឹកចិត្តខ្លោចផ្សា នៃការព្រាត់ប្រាស់គូស្វាមីភរិយាក្រោយ ការរៀបការបានជាងមួយឆ្នាំ ។ ប្រវត្តិសាស្ត្របានសរសេរថា សម្តេចដើម្បីការតស៊ូរំដោះប្រទេសជាតិ បានសម្រេចចាកចោលភរិយា និងកូនក្នុងផ្ទៃអាយុ ៥ខែ នៅថ្ងៃទី២០ មិថុនាឆ្នាំ ១៩៧៧ ។
សម្តេចបានជួបជុំជាមួយនឹងភរិយាវិញ ក្រោយរណសិរ្សសាមគ្គីសង្គ្រោះជាតិ បានដឹកនាំកម្លាំងតស៊ូ សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម រំដោះប្រទេសជាតិបានទាំងស្រុង ចេញផុតពីការកាប់សម្លាប់របបខ្មែរក្រហម នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩ ។