បុណ្យរុក្ខទិវា! អភិបាលខេត្តស្ទឹងត្រែង ស្នើឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមដាំដើមឈើ ថែរក្សាការពារព្រៃឈើ និងបរិស្ថានឲ្យបានគ្រប់ៗគ្នា


នៅព្រឹកថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធ «បុណ្យរុក្ខទិវា» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត សហគមន៍ព្រៃឈើក្នុងខេត្ត អង្គការនិងដៃគូអភិវឌ្ឍន៍ យុវជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន៨០០នាក់។

ថ្លែងនៅក្នុងឱកាស «បុណ្យរុក្ខទិវា» នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ការប្រារព្ធបុណ្យរុក្ខទិវានាថ្ងៃនេះ គឺពិតជារួមចំណែកដល់ការអភិរក្ស និងការពារព្រៃឈើ ដែលជាកាតព្វកិច្ច និងការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។ ឯកឧត្តមបានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមបណ្តុះគំនិតនៃការស្រឡាញ់ដើមឈើ ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា និងចូលរួមដាំកូនឈើនៅតាមសហគមន៍ ទីអារាម ភូមិដ្ឋាន តាមដងផ្លូវ រមណីយដ្ឋាន និងកន្លែងផ្សេងៗទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ ការអភិរក្ស និងជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លួនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឱកាស «បុណ្យរុក្ខទិវា» ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានកំណត់យកទីតាំងនៅបរិវេណសួនច្បារមុខសាលាខេត្តស្ទឹងត្រែង ក្នុងភូមិសាស្រ្តភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដើម្បីប្រារព្ធពិធីដាំដើមឈើ និងចែកដើមឈើរួមមានដូចជាដើមឥន្ទនេល ក្រញូង នាងនួន ធ្នង់ សរុបទាំងអស់ចំនួន១៩៦០ដើម ជូនប្រជាពលរដ្ឋ ព្រះសង្ឃ និងស្ថាប័នអង្គភាពនានាក្នុងខេត្ត ៕