បន្ទាយមានជ័យ ៖ ថ្ងៃច័ន្ទ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី អ្នកតំណាងរាស្រ្ត ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យនិងលោកជំទាវ ម៉ៅ ម៉ាល័យ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋាន អញ្ជើញជាអធិបតីក្នុងពីធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវខេត្តលេខ២៥៦៣ប្រវែង២២.៣គីឡូម៉ែត្រភ្ជាប់ពីថ្មពួក ផ្លូវជាតិលេខ៥៦ ទៅដល់បឹងត្រកួនផ្លូវជាតិលេខ៥៨ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍអាស៊ី (ADB)និងបន្តជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ប្រជាពលរដ្ឋ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជាង៤១០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថា : កម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុនសែនប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ប្រែក្លាយតំបន់វាយប្រយុទ្ធគ្នាទៅជាតំបន់អភិវឌ្ឍរីកចម្រើន ប្រជាពលរដ្ឋនៅរស់សុខសាន្តសម្បូរសប្បាយជាមួយនឹងសន្តិភាព សន្តិសុខពេញផ្ទៃប្រទេស មានផ្លូវគមនាគមន៍កាន់តែសម្បូរខ្វាត់ខ្វែងពាសពេញនិងជុំវិញប្រទេសដែលប្រជាពលរដ្ឋអាចធ្វើដំណើរបានយ៉ាងស្រួលចំណេញពេលវេលាទាំងការដឹកជញ្ជូនកសិផល និងដំណើរកំសាន្តជាមួយក្រុមគ្រួសារហើយសមិទ្ធិផលផ្លូវថ្នល់ស្អាត ងាយស្រួលធ្វើដំណើរយ៉ាងសប្បាយរីករាយនេះ អាចកើតមានតែក្នុងប្រទេសមានសន្តិភាពទេ គឺមិនអាចកើតមានក្នុងសង្រ្គាមវាយប្រយុទ្ធបង្ហូរឈាមគ្នាព្រឹកល្ងាចនោះឡើយ។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណនិងដឹងគុណដល់ប្រជាពលរដ្ឋទាំងអស់នៃគ្រូសារអ្នកស្រុកថ្មពួកដែលបានចូលរួមថែរក្សាគាំទ្រសន្តិភាពជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោហ៊ុន សែន ហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អអញ្ជើញទៅបោះឆ្នោតថ្ងៃទី២៩ ខែកកក្កដា ឆ្នាំ២០១៨ ជ្រើសយកគណបក្សណាដែលបងប្អូនពេញចិត្តដើម្បីការរីកចម្រើនក្នុងមូលដ្ឋានរបស់បងប្អូនជាបន្តទៀត ។