គណបក្សយុវជនកម្ពុជា អំពាវនាវកុំចូលរួមបាតុកម្ម


     គណបក្សយុវជនកម្ពុជា បានប្រើប្រាស់ការប្រឈមមុខគ្នា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ថានឹងអាចបង្កឱ្យមានគ្រោះថ្នាក់ បើសិនជាអាចកើតឡើងមែន។

     សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានគំរាមធ្វើមហាបាតុកម្មហិង្សា និងកំពុងដើរកេណ្ឌរកអ្នកគាំទ្រដើម្បីចូលរួម… ប៉ុន្តែរាជរដ្ឋាភិបាលដែលកាន់អំណាច បានប្រតិកម្មថា នឹងប្រើគ្រប់លទ្ធភាពរារាំងមិនឱ្យមហាបាតុកម្មនោះបានកើតឡើងទេ។

     នៅជាមួយគ្នានោះ អង្គភាពប្រដាប់អាវុធនានា បានប្តេជ្ញាការត្រៀមអនុវត្តតាមបញ្ជារបស់នាយករដ្ឋមន្ត្រី។ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានថ្លែងអំពាវនាវនៅថ្ងៃទី១៣ ខែកញ្ញា សូមឱ្យប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ កុំចូលរួមក្នុងសកម្មភាពនេះ ដែលអាចបង្កគ្រោះអន្តរាយដល់អាយុជិវិត។

     គណបក្សយុវជនកម្ពុជាបានឆ្លៀតឱកាសដែលប្រឈមនេះ ឃោសនាថា សត្រូវពិតប្រាកដរបស់ពលរដ្ឋខ្មែរ គឺជនបរទេសរស់នៅខុសច្បាប់ និងប្រទេសជិតខាងដែលបានរំលោភបូរណភាពទឹកដីកម្ពុជា។ គណបក្សយុវជនកម្ពុជានេះ បានអំពាវនាវភាពស្ងៀមស្ងាត់ ដើម្បីការចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានមកដល់ខាងមុខនេះ។ សូមជំរាបថា ពិធីកាន់បិណ្ឌថ្ងៃដំបូងនឹងចាប់ផ្តើមថ្ងៃទី១៧ ខែកញ្ញា ខាងមុខនេះហើយ។